កំពង់ឆ្នាំង៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហ ការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអំពីវត្ថុសិល្បៈខ្មែរ ដែលត្រូវគេនាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ។ ពិព័រណ៍នេះត្រូវបានប្រារព្ធធ្វើឡើងនៅលើបរិវេណសួនច្បារ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន (ទល់មុខសាលាខេត្តកំពង់ឆ្នាំង)។
ពិព័រណ៍នេះមានគោលបំណងបញ្ជ្រាបការយល់ដឹងអំពីគុណតម្លៃក្នុងការចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសឱ្យមហាជនបានស្វែងយល់ពីសម្បត្តិបេតិកភណ្ឌមរតកដូនតាដែលបាត់បង់ បន្ទាប់ពីរាជរដ្ឋាភិបាលទាមទារបានត្រឡប់មកវិញ។
លើសពីនេះ ពិព័រណ៍ក៏ជាការជួយបំផុស និងដាស់អារម្មណ៍យុវជនដែលជាទំពាំងស្នងឫស្សី ឱ្យបានឃើញ និងយល់កាន់តែច្បាស់អំពីលក្ខណៈពិសេស និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ដែលបន្សល់ទុកដោយដូនតាយើងជាច្រើនជំនាន់មកហើយ។ សកម្មភាពនេះត្រូវបានចាត់ទុកថាជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងបណ្តុះមនសិការ ស្មារតីរបស់កូនខ្មែរគ្រប់រូប ឱ្យចូលរួមថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សនូវមរតកវប្បធម៌ ដែលជាអត្តសញ្ញាណ និងជាដួងព្រលឹងរបស់ជាតិយើង។
ពិព័រណ៍នេះមន្ត្រីរាជការ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋអាចចូលរួមទស្សនា និងស្វែងយល់ដោយសេរី៕
