ក្រុមសង្គ្រោះនេប៉ាល់-កូរ៉េខាងត្បូងជួយសង្គ្រោះជនជាតិចិនចេញពីរូងក្រោមដីរស់រានមានជីវិត ក្រោយជាប់អស់ ១០ថ្ងៃ

កាថម៉ាន់ឌូៈក្រុមសង្គ្រោះនេប៉ាល់ រួមជាមួយអ្នកជំនាញមកពីកូរ៉េខាងត្បូង បានជួយសង្គ្រោះបុរសជនជាតិចិនម្នាក់ឈ្មោះ លោក Lu Haitao ចេញពីរូងក្រោមដីនៃគម្រោងវារីអគ្គិសនី Upper Trishuli-1 ក្នុងស្រុក Rasuwa រស់រានមានជីវិត ក្រោយជាប់ក្នុងនោះអស់រយៈពេល ១០ថ្ងៃ ក្រោយពីគ្រោះមហន្តរាយធម្មជាតិដ៏សាហាវវាយប្រហារតំបន់ព្រំដែនចិន-នេប៉ាល់។

ការសង្គ្រោះនេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោក Lu ត្រូវបានរកឃើញនៅជម្រៅប្រហែល ២២៥ម៉ែត្រក្នុងរូង។ នេះជាបុគ្គលទី៣ ដែលត្រូវបានសង្គ្រោះចេញពីរូងក្រោមដីនៅតំបន់នេះ ក្នុងចំណោមរាប់រយនាក់ដែលត្រូវបានជឿថាកំពុងជាប់នៅក្នុងរូងនានា។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV លោក Lu បានខំស្រែក និងយំដើម្បីអំពាវនាវឱ្យក្រុមសង្គ្រោះជួយ ប៉ុន្តែមិនបានលឺឡើយ រហូតដល់ក្រុមសង្គ្រោះបញ្ចាំងពិលចំទីតាំងរបស់គាត់ ទើបអាចរកឃើញ។

តាមការពិនិត្យដំបូង លោក Lu មិនមានរបួសធ្ងន់ធ្ងរទេ ប៉ុន្តែត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យ និងព្យាបាលបន្ត។

ការសង្គ្រោះនេះកើតឡើងក្នុងបរិបទនៃការខិតខំស្វែងរក និងសង្គ្រោះជាបន្តបន្ទាប់ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិដ៏ធំនៅចុងខែសីហា ដែលបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងបាត់ខ្លួន ក្នុងនោះមានកម្មកររាប់រយនាក់ជាប់ក្នុងរូងវារីអគ្គិសនីនានា។