សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រយុទ្ធគ្នាយ៉ាងកក្រើកទៀតហើយ នៅច្រកសមុទ្រ Hormuz ដោយកងកម្លាំងទាំងសងខាង បានកំណត់គោលដៅជាពិសេស លើកប៉ាល់ពាណិជ្ជកម្ម ដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្ត្រមួយនេះ។
ទូរទស្សន៍ BBC បានដកស្រង់សេចក្តីថ្លែងការណ៍របស់ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) ដែលបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានវាយបាញ់កប៉ាល់ដឹកប្រេង ៣គ្រឿងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងនោះមាន ២គ្រឿងវាយប្រហារនៅក្បែរកោះ Kharg និង ១គ្រឿងទៀត ត្រូវកម្ទេចហ្មត់តែម្តង ក្នុងឈូងសមុទ្រអូម៉ង់។
មិនទុកយូរឡើយ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ក៏សងសឹកវិញក្តៅៗ ដោយបាញ់កប៉ាល់មានទំនាក់ទំនងជាមួយអាមេរិក ចំនួន ៣គ្រឿងដូចគ្នា ហើយថែមទាំងប្រកាសពីការកំណត់គោលដៅ លើកប៉ាល់ដឹកប្រេង ៣គ្រឿងទៀត ដែលខ្លួនចោទថា បានធ្វើដំណើរតាមផ្លូវទឹក ទាំងគ្មានការអនុញ្ញាតផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះ ពីភាគីទាំងសងខាងនោះទេ។
