ហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូត្រូវផ្អាកចាប់ពីខែតុលា ដើម្បីទប់ស្កាត់ការឆបោកតាមបច្ចេកវិទ្យា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចផ្អាកដំណើរការហ្គេមភ្នាល់ អនឡាញនៅគ្រប់កាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ។

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីការសម្រេចនេះ ក្នុងពិធីសម្ពោធផ្លូវបេតុងនៅខេត្តតាកែវ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា។

ការផ្អាកនេះ ធ្វើឡើងដើម្បីពង្រឹងវិធានការបង្ការ និងទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរសាច់ប្រាក់គ្មានប្រភពច្បាស់លាស់។ សមត្ថកិច្ចរកឃើញថា ល្បែងចាក់តាមអនឡាញដែលផ្សាយផ្ទាល់ពីកាស៊ីណូ បង្កការលំបាកក្នុងការគ្រប់គ្រង។

ក្នុងអំឡុងពេលផ្អាក សម្ដេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ កសាងនិងពង្រឹងវិធានការគ្រប់គ្រងល្បែងប្រភេទនេះឱ្យបានច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមូលធនមនុស្ស មុនពិចារណាអនុញ្ញាតឡើងវិញ។ បើកាស៊ីណូណាល្មើសគោលការណ៍នេះ នឹងប្រឈមនឹងការដកអាជ្ញាបណ្ណ និងវិធានការច្បាប់ផ្សេងទៀត។

យោងតាមរបាយការណ៍សង្ខេប ក្នុងរយៈពេលពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបទីតាំងឆបោកចំនួន ៦៦៣ ក្នុងនោះមានទីតាំងមួយចំនួននៅក្នុងកាស៊ីណូ និងបានគ្រប់គ្រងមណ្ឌលឆបោកធំៗ ៨៦ ទីតាំង។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជិត ៣០,០០០ នាក់ នៃ ៣៩ សញ្ជាតិ និងបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ។

ក្នុងយុទ្ធនាការនេះ សមត្ថកិច្ចបានចាត់វិធានការលើកាស៊ីណូចំនួន ២៧ ក្នុងនោះដកហូតអាជ្ញាបណ្ណ ១៨ និងព្យួរអាជ្ញាបណ្ណ ៩។ សមត្ថកិច្ចបន្តត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពល្បែងស៊ីសង ឬភ្នាល់តាមអនឡាញខុសច្បាប់។

រាជរដ្ឋាភិបាលបានប្រកាសថា បច្ចុប្បន្នកម្ពុជាគ្មានមជ្ឈមណ្ឌលឆបោកធំៗតាមប្រព័ន្ធបច្ចេកវិទ្យាទៀតឡើយ ប៉ុន្តែទទួលស្គាល់ថា សកម្មភាពឆបោកខ្លះនៅតែបន្តក្នុងទម្រង់តូចៗ លាក់លៀម ដែលពិបាករកឃើញ៕