ឥណ្ឌា៖ កាលពីដើមសប្ដាហ៍នេះអគារ ហូស្តែល ដេស (Hostel Daze) ដែលជាទីតាំងស្នាក់នៅរបស់និស្សិតកម្ពស់ ៥ ជាន់ ស្ថិតនៅជិតសកល វិទ្យាល័យដេលី ក្នុងទីក្រុងញូវដេលី បានបាក់ រលំភ្លាមៗ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន ខណៈក្រុមសង្គ្រោះកំពុងបន្តស្វែងរកអ្នកជាប់ក្រោមគំនរបាក់បែក។
ប្រជាពលរដ្ឋនៅឯទីកន្លែងកើតហេតុបានរៀបរាប់ថា អគារនេះបានបាក់រលំទាំងស្រុងក្នុងរយៈពេលត្រឹមតែប្រមាណ ១០ វិនាទីប៉ុណ្ណោះ។ អគារនេះត្រូវបានជាប់ឈ្មោះថាជាអគារគ្មានសុវត្ថិភាពអស់រយៈពេលជិត ៣ ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរ និងភាគីគ្រប់គ្រងអគារបានមើលរំលង និងមិនបានចាត់វិធានការដោះស្រាយតាមការប្ដឹងផ្ដល់របស់និស្សិតឡើយ។
អាជ្ញាធរនគរបាលបានតាមចាប់ខ្លួនម្ចាស់អគារនៅឯរដ្ឋរាជស្ថាន ព្រមទាំងសម្រេចព្យួរការងារមន្ត្រីសាលាក្រុងចំនួន ៥ នាក់ ដោយសារតែការខកខានក្នុងការត្រួតពិនិត្យ និងបណ្ដោយឱ្យមានការសាងសង់បន្ថែមជាន់ និងជីកជាន់ក្រោមដីខុសច្បាប់លើអគារចាស់ទ្រុឌទ្រោមនេះ។
បច្ចុប្បន្ន ប្រតិបត្តិការកាយគំនរបាក់បែកបានសម្រេចបានប្រមាណ ៨០ ភាគរយហើយ។ អភិបាលរដ្ឋដេល្លីបានប្រកាសបើកការស៊ើបអង្កេត និងបញ្ជាឱ្យពិនិត្យរចនាសម្ព័ន្ធសុវត្ថិភាពលើអគារស្នាក់នៅ និងផ្ទះជួលនិស្សិតទាំងអស់នៅក្នុងតំបន់ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ស្រដៀងគ្នាកើតឡើងម្ដងទៀត។

