អគ្គិភ័យឆាបឆេះផ្ទះ១ល្វែង ទាំងយប់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិទាំងស្រុង

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះ១ល្វែង ស្ថិតនៅជាន់លើគេបង្អោះ ទាំងយប់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិទាំងស្រុង កាលពីវេលាម៉ោង ១១:៤០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះល្វែង នៅលើកំណាត់វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើង និងផ្សែងហ៊ុយចេញពីជាន់ដំបូល នៃសំណង់ផ្ទះល្វែង១កន្លែង បន្ទាប់មកភ្លើងក៏ចាប់ផ្តើមឆាបឆេះខ្លាំងឡើងៗ ធ្វើឱ្យពលរដ្ឋដែលនៅក្បែរនោះនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ព្រោះពុំមានអ្នកអាចយកបំពង់ឧស្ម័នទៅបាញ់ពន្លត់បាន។

បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ភ្លាម។ ប៉ុន្តែដោយសារសំណង់នោះជាប្រភេទផ្ទះឈើប្រក់ស័ង្កសី ងាយឆាបឆេះយ៉ាងឆាប់រហ័ស បណ្តាលឲ្យទ្រព្យសម្បត្តិជាច្រើនខូចខាតទាំងស្រុង។

ករណីអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង នៅម៉ោង ១២និង៣៥នាទីរំលងអធ្រាត្រ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមិនបានរាលដាលទៅផ្ទះជិតខាងនោះឡើយ និងមិនមានមនុស្សរងរបួសនោះទេ។ ករណីនោះ មន្ត្រីជំនាញមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅឡើយទេ ដោយសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕