បង្ក្រាបទីតាំង Online Scams ៣កន្លែង ឃាត់ខ្លួនជនសង្ស័យ ៣២នាក់

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះនៃរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣កន្លែងផ្សេងគ្នា។ ក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យសរុប ៣២នាក់ និងរឹបអូសសម្ភារៈវត្ថុតាងមួយចំនួនធំ។

ទីតាំងទី១ ស្ថិតនៅផ្លូវលេខ៦៨K ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនបរទេស ១៧នាក់ (ប្រុសទាំងអស់ ជនជាតិបង់ក្លាដេស)។ ក្នុងនោះមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ៣នាក់ ខណៈដែលអ្នកផ្សេងទៀតមានបញ្ហាទិដ្ឋាការ ឬគ្មានលិខិតឆ្លងដែន។ សម្ភារៈដែលរឹបអូសបានរួមមាន កុំព្យូទ័រ All-in-One ២គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងទូរស័ព្ទដៃ ៣៤គ្រឿង។ ជនសង្ស័យត្រូវបានរកឃើញថាបានបន្លំខ្លួនជាបុគ្គលិកធនាគារពិភពលោក (World Bank) ដើម្បីផ្ដល់កម្ចីក្លែងក្លាយ ដោយមានគោលដៅជនរងគ្រោះនៅប្រទេសបង់ក្លាដេស។

ទីតាំងទី២ ស្ថិតនៅបុរីប៉នដានី គម្រោង២២ ផ្ទះលេខ P45 ផ្លូវលេខ១៤ ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល បានឃាត់ខ្លួន ៦នាក់ (ជនជាតិចិន ៤នាក់ ប្រុស, ជនជាតិមីយ៉ានម៉ា ១នាក់ ស្រី និងខ្មែរ ១នាក់)។ សម្ភារៈដែលរឹបអូសបានមាន All-in-One ៣គ្រឿង កុំព្យូទ័រយួរដៃ ២គ្រឿង ទូរស័ព្ទ ១៨គ្រឿង និងដុំ WiFi ២។ តាមការពិនិត្យ ពួកគេប្រព្រឹត្តឆបោកក្រោមរូបភាពវិនិយោគមាស និងប្រេងកាត តាមរយៈវេបសាយ m.bckjxmm.it.com ដោយមានគោលដៅទៅកាន់ប្រទេសអារ៉ាប។

ទីតាំងទី៣ ស្ថិតនៅផ្ទះលេខ៥២ ផ្លូវលេខ៦៩៦ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានឃាត់ខ្លួនជនជាតិបង់ក្លាដេស ៩នាក់ (ប្រុសទាំងអស់)។ សម្ភារៈរឹបអូសបានរួមមាន ទូរស័ព្ទដៃ ៩គ្រឿង All-in-One ៩គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង។ ការពិនិត្យបឋមបង្ហាញថា ពួកគេជាប់ទាក់ទងនឹងក្រុម Siker group ដែលធ្វើការទំនាក់ទំនងទាញយកព័ត៌មានពីជនរងគ្រោះ និងបន្លំខ្លួនជាអ្នកឆ្នៃម៉ូតសម្លៀកបំពាក់ ដើម្បីអូសទាញឱ្យចូលរួមអាជីវកម្មអនឡាញ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ត ដើម្បីបញ្ជាក់ពីទំហំនៃបទល្មើស និងជនរងគ្រោះពាក់ព័ន្ធ៕