Telegram ជួបប្រទះការរំខាន និងគាំងមិនដំណើរការជាសកល

ភ្នំពេញ៖ កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បាន និងកំពុងជួបប្រទះបញ្ហារអាក់រអួល និងគាំងមិនដំណើរការ (Down) នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលធ្វើឱ្យអ្នកប្រើប្រាស់រាប់លាននាក់មិនអាចផ្ញើសារ ទទួលរូបភាព/វីដេអូ ឬចូលប្រើប្រាស់គណនីរបស់ខ្លួនបានឡើយ។

ផ្អែកតាមគេហទំព័រតាមដានស្ថានភាពសេវាកម្មឌីជីថល Downdetector បានបង្ហាញឱ្យឃើញពីការកើនឡើងយ៉ាងគំហុកនៃរបាយការណ៍បណ្តឹង (Outage Reports) ពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ ក្នុងនោះ អ្នកប្រើប្រាស់ភាគច្រើនជួបប្រទះស្ថានភាព “Connecting…” ឬ “Updating…” ដោយមិនអាចទាញយកទិន្នន័យថ្មីៗបាន។ ខ្លះទៀត សារដែលផ្ញើចេញមិនដំណើរការ ឬទាមទារ update យូរខុសធម្មតា ហើយអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា កម្មវិធីមិនឆ្លើយតបនៅលើ Mobile និង Desktop Version។

បញ្ហានេះត្រូវបានរាយការណ៍យ៉ាងទូលំទូលាយជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានសិង្ហបុរី (ដែលមានរបាយការណ៍ខ្ពស់បំផុតជិត ៤.០០០ ករណីនៅពេលកំពូល) ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ថៃ និងឥណ្ឌា ព្រមទាំងប្រទេសមួយចំនួនផ្សេងទៀត។ យោងតាមទិន្នន័យ Downdetector បញ្ហាភាគច្រើនទាក់ទងនឹងកម្មវិធី (App) និងការផ្ញើសារ (Messaging) ខណៈដែលអ្នកប្រើប្រាស់មួយចំនួនជួបបញ្ហាចូលគណនី។

រហូតមកដល់ពេលនេះ Telegram មិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណ៍អំពីមូលហេតុនៃបញ្ហានេះទេ។ អ្នកប្រើប្រាស់ត្រូវបានណែនាំឱ្យព្យាយាមចាប់ផ្តើមកម្មវិធីឡើងវិញ ពិនិត្យការតភ្ជាប់អ៊ីនធឺណិត ឬរង់ចាំការជួសជុលពីក្រុមការងារបច្ចេកទេស។