Putrajaya៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុក សេរី អាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវដល់យុវជនជំនាន់ Gen Z និងនិស្សិតសាកលវិទ្យាល័យឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ផ្ទួនៗគ្នានឹងការសាងសីលធម៌ និងគុណធម៌ល្អ ដើម្បីជៀសវាងការប្រើអំណាចខុសផ្លូវនៅពេលអនាគត។
លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់រង្វាន់ Anugerah Tokoh Siswa Negara (ATSN) ២០២៦ នៅទីក្រុង Putrajaya កាលពីយប់ថ្ងៃទី១ ខែតុលា។
លោកអាន់វ៉ាបានចង្អុលបង្ហាញថា អ្នកដែលជាប់ពាក់ព័ន្ធនឹងករណីពុករលួយធំៗដូចជា 1MDB, Felda និង Tabung Haji មិនមែនជាអ្នកដែលគ្មានការអប់រំទេ។ «ជាទូទៅ អ្នកដែលជាប់ពាក់ព័ន្ធ មិនមែនជាអ្នកមិនបានរៀនសូត្រទេ។ ស្ទើរតែទាំងអស់មានសញ្ញាបត្រ ហើយខ្លះមានថ្នាក់មេស្ទ័រ និងថ្នាក់បណ្ឌិត។ ដូច្នេះ ការអប់រំ និងចំណេះដឹងតែម្នាក់ឯង មិនធានាថាមនុស្សនោះមានបុគ្គលិកលក្ខណៈ និងសីលធម៌ល្អទេ» ។
លោកបានបន្តថា និស្សិតមិនគួរតែផ្តោតតែលើភាពពូកែខាងសិក្សាប៉ុណ្ណោះទេ គឺត្រូវសាងកម្លាំងខាងក្នុង សីលធម៌ និងអត្តសញ្ញាណរឹងមាំ ដើម្បីកុំឱ្យងាយធ្លាក់ចូលក្នុងការប្រើអំណាចខុសផ្លូវនៅពេលចូលធ្វើការងារ។
លោកអាន់វ៉ាក៏បានលើកទឹកចិត្តឱ្យមាន «ស្មារតីថ្មី» ក្នុងចំណោម Gen Z ដោយមានការយល់ដឹងខ្ពស់ ចិត្តចង់បម្រើប្រជាជន ស្រឡាញ់អ្វីដែលល្អ និងស្អប់អំពើពុករលួយ។ «យើងចង់ឈានដល់មេឃ ប៉ុន្តែត្រូវចាក់ឬសនៅលើដីជាមួយនឹងជំនឿ សីលធម៌ និងអត្តសញ្ញាណរឹងមាំ» លោកបានបន្ថែម។
ក្នុងពិធីនេះ ក៏មានវត្តមានរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា លោក ដាតុក សេរី ដូកទ័រ ហ្សាំប្រី អាប់ឌុល កាឌៀរ និងអនុរដ្ឋមន្ត្រី លោក អាដាម អាឌលី ផងដែរ។
ប្រភព៖
Free Malaysia Today, Bernama, Harian Metro, Kosmo Online, Wilayah.com.my និងប្រភពផ្សេងទៀត (ថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦)