យុវជនខ្មែរជាង ៣ពាន់នាក់ ស្ម័គ្រចិត្តចុះឈ្មោះបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦ នៅថ្ងៃបើកដំបូងទូទាំងប្រទេស

​ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ការពារជាតិ បានចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ ជាផ្លូវការ ដោយក្នុងនោះ ត្រឹមតែថ្ងៃដំបូងនៃការបើកទទួលពាក្យ មានយុវជនខ្មែរទាំងពីរភេទជាង ៣ ០០០ នាក់ បានមកដាក់ពាក្យដោយស្ម័គ្រចិត្តនៅតាមបណ្តាទីតាំងទូទាំងប្រទេស។

​យោងតាមការបញ្ជាក់ពីក្រសួងការពារជាតិ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃបើកដំណើរការដំបូង បានកត់សម្គាល់ឃើញវត្តមានប្រជាពលរដ្ឋ និងយុវជន-យុវនារីខ្មែរ ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ យ៉ាងច្រើនកុះករ បានបង្ហាញឆន្ទៈមោះមុតក្នុងការអញ្ជើញមកបំពេញបែបបទសុំចូលបំពេញកាតព្វកិច្ចយោធា។ ចលនាដ៏ផុសផុលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីស្មារតីភ្ញាក់រលឹក និងទំនួលខុសត្រូវខ្ពស់របស់យុវជនជំនាន់ក្រោយចំពោះជោគវាសនាប្រទេសជាតិ។

​ការបំពេញកាតព្វកិច្ចយោធានេះ មិនត្រឹមតែជាការបំពេញភារកិច្ចការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ក្នុងការកសាងធនធានយុវជនកម្ពុជាឱ្យមានកាយសម្បទារឹងមាំ មានវិន័យ មានវិជ្ជាជីវៈ និងមានមនសិការស្នេហាជាតិយ៉ាងជ្រាលជ្រៅ។ ឆ្លងកាត់ការហ្វឹកហ្វឺននេះ យុវជននឹងត្រូវបានប្រែក្លាយទៅជា «មូលធនមនុស្ស» ដ៏មានតម្លៃពិតប្រាកដសម្រាប់សង្គម ដែលអាចចូលរួមចំណែកយ៉ាងសកម្ម មិនថាក្នុងវិស័យយោធា សេវាសាធារណៈ ឬវិស័យឯកជននោះឡើយ។

​ការស្ម័គ្រចិត្តចូលរួមយ៉ាងច្រើនកុះកររបស់យុវជនទាំងពីរភេទនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់អំពីការយល់ដឹងស៊ីជម្រៅលើសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋកម្ពុជា។ ឆន្ទៈដ៏មោះមុតក្នុងការបម្រើជាតិ និងសង្គមជាតិនេះ នឹងក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងប្រកបដោយចីរភាព៕