បន្ទាយមានជ័យ៖ កាលពីវេលាម៉ោងប្រមាណ ៧៖៤៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ កម្លាំងសមត្ថកិច្ចចម្រុះតាមព្រំដែន បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ សង្ស័យថា លួចនាំទំនិញពីប្រទេសថៃចូលកម្ពុជាតាមច្រករបៀង ខណៈកំពុងធ្វើសកម្មភាពនៅភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា: ជនសង្ស័យទាំង២នាក់នេះ មាន ឈ្មោះ នួម ថានុន ភេទ ប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ រិត ចាន់រ៉េត ភេទ ប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរមានទីលំនៅនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន: ម៉ូតូ Honda Dream ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ មួយគ្រឿង ពាក់ស្លាក លេខ បន្ទាយមានជ័យ 1F-3325 រទេះអូសមួយ និងទំនិញនិងអីវ៉ាន់ចម្រុះចំនួន៤ការ៉ុង។
ជនសង្ស័យទាំង២នាក់ និង វត្ថុតាង ត្រូវបានប្រគល់ទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

