កំពង់ឆ្នាំង៖ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំកងកម្លាំងចម្រុះ ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបើកនេសាទ ឆ្នាំ២០២៦-២០២៧ និងច្បាប់ស្តីពីជលផល នៅតំបន់នេសាទសំខាន់ៗក្នុងខេត្ត។
នៅក្នុងកិច្ចប្រជុំនោះ មន្ត្រីជំនាញបានសង្កត់ធ្ងន់ថា ដើម្បីចៀសវាងការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងបាតទន្លេ ត្រូវកំណត់ឱ្យអ្នកនេសាទអូសលៀស ប្រើប្រាស់ម៉ាស៊ីនធំបំផុតត្រឹម ២៤សេះ ប៉ុណ្ណោះ។ ជាមួយគ្នានេះ ក៏បានកំណត់ទីតាំងនេសាទឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការរំខាន ឬប៉ះពាល់ដល់ការនេសាទលក្ខណៈគ្រួសារ។ មានតែអ្នកដែលគោរពតាមលក្ខខណ្ឌទាំងនេះ ទើបរដ្ឋបាលជលផលសម្រេចចេញលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មស្របច្បាប់។
សម្រាប់អាជីវករទិញ និងដឹកជញ្ជូនលៀសយកទៅចែកចាយបន្ត មន្ត្រីជំនាញបានកំណត់ថា ថៅកែម្នាក់មានទីតាំងទិញបានតែមួយកន្លែង ហើយអាចដឹកជញ្ជូនបានត្រឹមតែ ៥តោន (ស្មើនឹង ៨០ការ៉ុង) ប៉ុណ្ណោះក្នុងរថយន្តមួយគ្រឿង។ បុគ្គលណាដែលមិនគោរពតាមការណែនាំ និងបទបញ្ជានេះ នឹងត្រូវចាត់ទុកជាបទល្មើសច្បាប់ជលផល។
ទោះបីជាមានការចុះណែនាំ និងរៀបចំកិច្ចប្រជុំយ៉ាងម៉ឺងម៉ាត់ក៏ដោយ មហាជននៅតែសម្តែងការព្រួយបារម្ភ ដោយរំលឹកពីភាពចន្លោះប្រហោងកាលពីឆ្នាំ២០២៥ កន្លងទៅ។ ប្រជាពលរដ្ឋបានកត់សម្គាល់ឃើញថា ថៅកែទិញលៀសម្នាក់ អាចដឹកជញ្ជូនចេញបានរហូតដល់ទៅ ៥រថយន្ត ដោយគ្រាន់តែប្រើល្បិចយកឈ្មោះបងប្អូន ឬកម្មករមកដាក់ជំនួស ដើម្បីសុំលិខិតអនុញ្ញាតបន្លំភ្នែកសមត្ថកិច្ច និងមន្ត្រីជំនាញ។
ប្រជាពលរដ្ឋសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត។ ប្រសិនបើរដូវនេសាទឆ្នាំ២០២៦-២០២៧ នេះ នៅតែមានការប្រើល្បិចកលដដែលនេះទៀតនោះ ធនធានមច្ឆាជាតិ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់បឹងទន្លេសាប ប្រាកដជាត្រូវប្រឈមនឹងការវិនាសហិនហោចជាមិនខាន។
រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ត្រូវពង្រឹងការត្រួតពិនិត្យ និងតាមដានការអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានានូវការប្រើប្រាស់ធនធានធម្មជាតិដោយចីរភាព និងការពារប្រព័ន្ធអេកូឡូស៊ីសម្រាប់ជំនាន់ក្រោយ៕
