កម្លាំងនគរបាល បង្ក្រាបទីតាំង Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស និងខ្មែរ ៥៨៧នាក់

បន្ទាយមានជ័យ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៦ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam នៅអគារកញ្ចក់កម្ពស់៣០ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេស និងជនជាតិខ្មែរ សរុបចំនួន ៥៨៧នាក់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ ឯក អ៊ី សុឃី អគ្គស្នងការរងនគរបាលជាតិ ដោយសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៥៨៧នាក់ មានស្ត្រី ១០៥នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់ ក្នុងនោះស្ត្រី ៧៦នាក់, ជនជាតិថៃ ១៨នាក់ ក្នុងនោះស្ត្រី ៦នាក់ និងជនជាតិខ្មែរ ៥១នាក់ ក្នុងនោះស្ត្រី ២១នាក់។

តាមមន្ត្រីនគរបាល អ្នកដែលត្រូវបានសង្ស័យ ថាជាមេខ្លោងនៃប្រតិបត្តិការឆបោក Online Scam នៅទីតាំងនេះ គឺជាជនជាតិថៃ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតសម្ភារ និងវត្ថុតាងមួយចំនួនផងដែរ ខណៈការសាកសួរ និងនីតិវិធីបន្ត កំពុងអនុវត្តតាមច្បាប់៕