ដេញចាប់ស្មានថា «ក្រពើ» ស្រាប់តែរកឃើញ «ត្រីប្រាយក្ស» ទម្ងន់ជាង ១០០គីឡូក្រាម បង្កការភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅភូមិបឹង ជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ បានភ័យភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញចលនាសត្វទឹកដ៏ធំមួយ សម្ងំនៅក្នុងប្រឡាយដែលមានជម្រៅប្រមាណ ២ម៉ែត្រ ដោយសង្ស័យថាជា «សត្វក្រពើ»។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានរាយការណ៍ជាបន្ទាន់ ដើម្បីស្នើសុំកម្លាំងចុះអន្តរាគមន៍ និងស្វែងរកសត្វដែលសង្ស័យ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

បន្ទាប់ពីទទួលបានព័ត៌មាន លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកម៉ាឡៃ បានដឹកនាំក្រុមការងារចុះសម្របសម្រួល និងបញ្ជាកម្លាំងសមត្ថកិច្ច សហ ការជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បើកប្រតិបត្តិការរាវរក និងដាក់សំណាញ់ចាប់សត្វទឹកនោះយ៉ាងប្រុងប្រយ័ត្ន។

ក្រោយប្រតិបត្តិការអស់រយៈពេលមួយរយៈ សត្វទឹកដ៏ធំនោះត្រូវបានស្រង់ឡើងលើគោក។ គ្រប់គ្នាបានភ្ញាក់ផ្អើល ព្រោះវាមិនមែនជាក្រពើដូចការសង្ស័យនោះទេ ប៉ុន្តែជាត្រីប្រាដ៏ធំមួយ មានប្រវែងជាង ២ម៉ែត្រ និងទម្ងន់ជាង ១០០គីឡូក្រាម។ តាមការអះអាងពីមូលដ្ឋាន ត្រីប្រាទំហំបែបនេះកម្រនឹងប្រទះឃើញនៅក្នុងតំបន់នេះ។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងរៀបចំនីតិវិធីប្រគល់ត្រីប្រាយក្សនេះជូនមន្ត្រីជំនាញជលផល ដើម្បីចាត់ចែងលែង និងថែរក្សាទុកនៅកន្លែងអភិរក្ស ស្របតាមគោលការណ៍អភិរក្សធនធានជលផល។

ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលមានទឹកជំនន់ ជាពិសេសត្រូវតាមដានកុមារ និងរាយការណ៍ជាបន្ទាន់ ប្រសិនបើប្រទះឃើញសត្វដែលអាចបង្កគ្រោះថ្នាក់ ឬមានបាតុភូតមិនប្រក្រតីនៅក្នុងប្រភពទឹក៕