ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ និងភាពធន់សម្រាប់ដំណើរការវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។
ពិធីបើកនេះ មានការចូលរួមពីលោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក T. Raja Kumar អតីតប្រធានក្រុមការងារហិរញ្ញវត្ថុ (FATF) និងសមាជិក គ.ស.ហ. ក៏ដូចជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា។
សិក្ខាសាលាថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័ន ដែលទទួលបន្ទុកលើការងារប្រឆាំងការសម្អាតប្រាក់ ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ គោលបំណងសំខាន់គឺផ្តល់ចំណេះដឹងអំពីគោលនយោបាយ និងស្តង់ដាបច្ចេកទេសរបស់ក្រុមការងារហិរញ្ញវត្ថុ FATF ពាក់ព័ន្ធនឹងលទ្ធផលជាក់ស្តែង (Immediate Outcomes – IOs) នីមួយៗ ក៏ដូចជាដំណើរការនៃការវាយតម្លៃអញ្ញមញ្ញ (Mutual Evaluation) របស់ក្រុមការងារហិរញ្ញវត្ថុ FATF និងក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG)។
ជាពិសេស សិក្ខាសាលាផ្តោតលើការវិវត្ត និងបច្ចុប្បន្នភាពនៃនីតិវិធីនៃការវាយតម្លៃអញ្ញមញ្ញសកលជុំទី៥ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំរបាយការណ៍ និងឯកសារចាំបាច់នានា ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃអញ្ញមញ្ញនៅឆ្នាំ២០២៨-២០២៩ ខាងមុខ។ ក្នុងពេលជាមួយគ្នា ក៏មានការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។
សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែតុលា ឆ្នាំ២០២៦ ដោយមានលោក T. Raja Kumar ជាវាគ្មិនកិត្តិយស។ លោកធ្លាប់ជាអតីតប្រធានក្រុមការងារហិរញ្ញវត្ថុ (FATF) ក្នុងអំឡុងឆ្នាំ២០២២-២០២៤ និងមានបទពិសោធន៍ទូលំទូលាយលើការងារប្រឆាំងការសម្អាតប្រាក់ ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ពិសេសលើការងារវាយតម្លៃអញ្ញមញ្ញរបស់ក្រុមការងារហិរញ្ញវត្ថុ។
សិក្ខាសាលាត្រូវបានបែងចែកជាពីរកម្រិត គឺកម្រិតនយោបាយ សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងកម្រិតបច្ចេកទេស សម្រាប់មន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសមន្ត្រីអនុវត្តច្បាប់៕
