ត្រាំ លែងចង់បានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ខណៈមានសេចក្តីរាយការណ៍ថា អាមេរិកត្រៀមវាយប្រហារធំមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី៧ ខែតុលា ថា លោកលែងចង់បានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទៀតហើយ ក្រោយមានសេចក្តីរាយការណ៍ថា យោធាអាមេរិកកំពុងរៀបចំផែនការវាយប្រហារអ៊ីរ៉ង់ឡើងវិញ ដែលទំនងជានឹងធ្វើឡើងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

លោកត្រាំ បានថ្លែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ ជាមួយបេក្ខជនគណបក្សសាធារណរដ្ឋ នៅទីក្រុង San Antonio រដ្ឋតិចសាស់ កាលពីយប់ថ្ងៃពុធ ថា៖ «ខ្ញុំគិតថា កិច្ចព្រមព្រៀងនោះ មិនមែនជាអ្វីដែលខ្ញុំចង់ធ្វើពិតប្រាកដនោះទេ ប៉ុន្តែពួកគេ (អ៊ីរ៉ង់) សុខចិត្តផ្តល់អ្វីៗគ្រប់យ៉ាងដល់យើង ដើម្បីឱ្យយើងបញ្ឈប់»។

លោកត្រាំ បានបន្ថែមទៀតថា លោក Steve Witkoff ទីប្រឹក្សាពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំមជ្ឈិមបូព៌ា បាននិងកំពុងខិតខំប្រឹងប្រែងលើកិច្ចព្រមព្រៀងនេះ ហើយ «កំពុងធ្វើបានយ៉ាងល្អ»។

យោងតាមសារព័ត៌មាន NBC News កាលពីថ្ងៃពុធ ដោយផ្អែកលើការដកស្រង់សម្តីរបស់មន្ត្រីអាមេរិកម្នាក់ និងបុគ្គលម្នាក់ទៀតដែលដឹងពីកិច្ចពិភាក្សានេះ បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក និងក្រុមការងារសន្តិសុខជាតិរបស់លោក បានពិភាក្សាអំពីលទ្ធភាពនៃការចាប់ផ្តើមប្រតិបត្តិការយោធាខ្នាតធំរបស់អាមេរិកឡើងវិញ នៅក្នុងសប្តាហ៍ខាងមុខនេះ។

នៅថ្ងៃដដែលនោះ គេហទំព័រ Axios ក៏បានរាយការណ៍ដែរថា ការចាប់ផ្តើមជម្លោះប្រដាប់អាវុធឡើងវិញនេះ អាចរួមបញ្ចូលទាំង «ការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ» លើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងគោលដៅនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបានបន្ថែមថា សកម្មភាពយោធាដ៏ខ្លាំងក្លានេះ អាចជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខ។

យ៉ាងណាមិញ ពេលវេលានៃការពិចារណាវាយប្រហារនេះ គឺស្ថិតក្នុងដំណាក់កាលរសើបខ្លាំង ដោយសារអាមេរិកជិតដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅដើមខែវិច្ឆិកា។

ការវាយប្រហារយោធាណាមួយអាចនឹងជួយបង្កើនប្រជាប្រិយភាពផ្នែកនយោបាយសម្រាប់លោកត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប៉ុន្តែវាក៏អាចជាហានិភ័យធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ និងរងការវាយបកដោយមីស៊ីលរាប់រយគ្រាប់ពីអ៊ីរ៉ង់ផងដែរ៕

ប្រភព៖ NBC News, Axios, និងសេចក្តីថ្លែងការណ៍របស់លោកត្រាំ នៅទីក្រុង San Antonio។