កំពង់ចាម៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បើកសង្ក្រាន្តវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានថ្លែងសារយ៉ាងមានអត្ថន័យ បំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន ឱ្យងាកមកចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរដើម្បីលើកកម្ពស់សិល្បៈវប្បធម៌ជាតិ និងត្រូវគោរពដឹងគុណចំពោះ វីរកងទ័ពកម្ពុជាដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ការពារបូរណភាពទឹងដី និងប្រជាពលរដ្ឋ។
លោកអភិបាលស្រុកស្ទឹងត្រង់ បានបន្តថា ល្បែងប្រជាប្រិយខ្មែរមិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែវាជាអត្តសញ្ញាណដ៏មានតម្លៃ ដូចច្នេះសូមលើកទឹកចិត្តឱ្យក្មួយៗយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាលេងល្បែងប្រជាប្រិយឱ្យបានច្រើនដូចជា លេងបោះអង្គញ់ ចោលឈូង លាក់កន្សែង គឺជាការបង្ហាញពីមោទនភាពជាតិ និងជាការចូលរួមថែរក្សាកេរដំណែលពីដូនតា កុំឱ្យរលាយបាត់ទៅតាមវប្បធម៌បរទេស។ម្យ៉ាងវិញទៀតការលេងល្បែងទាំងនេះតម្រូវឱ្យមានការសហការ និងការប្រស្រ័យទាក់ទងគ្នា ដែលជួយរឹតចំណងមិត្តភាពក្នុងសហគមន៍។
នាឱកាសនោះលោកអភិបាលស្រុក សង្កត់ធ្ងន់ថា យើងមានឱកាសមកជួបជុំគ្នា រាំរែក និងលេងកម្សាន្តដោយគ្មានការភ័យខ្លាចនៅទីនេះ គឺដោយសារតែយើងមាន សន្តិភាព។ សន្តិភាពនេះបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីរកងទ័ពយើង ដែលកំពុងឈរជើងការពារព្រំដែនយ៉ាងអង់អាចក្លាហាន។ យើងមិនត្រូវភ្លេចគុណបំណាច់របស់ពួកគាត់ឡើយ ព្រោះបើគ្មានពួកគាត់ ក៏គ្មានភាពសុខសាន្តសម្រាប់យើងនៅពេលនេះដែរ។
លោក បាន ស្រេង បានណែនាំដល់ក្មួយៗសិស្សា នុសិស្សទាំងអស់ នៅពេលលេងល្បែងប្រជាប្រិយផ្សេងៗ សូមរក្សានូវប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងឲ្យបានល្អ រក្សានូវភាពថ្លៃថ្នូរ លេងប្រកបដោយការទទួលខុសត្រូវខ្ពស់។ លើសពីនេះត្រូវចេះរក្សានូវសណ្ដាប់ធ្នាប់អនាម័យ នៅពេល ចប់សង្ក្រាន្តនេះទៅ សូមបងប្អូន ក្មួយៗចូលរួមសម្អាតទីកន្លែងនៅក្នុងបរិវេណវិទ្យាល័យឲ្យបានស្អាត។ លោកក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ត្រូវជួយសម្រួលសុវត្ថិភាព និងសណ្តាប់ធ្នាប់ ឱ្យបានល្អបំផុត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋលេងកម្សាន្ត នៅសង្ក្រាន្តវិទ្យាល័យស្ទឹងត្រង់ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ប្រកបដោយភាពសប្បាយរីករាយ និងសេចក្តីថ្លៃថ្នូរ៕
