កំពង់ឆ្នាំង ៖ ដើម្បីអបអរសាទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការគណបក្សខេត្ត និង ជាប្រធានក្រុមការងារគណ បក្សខេត្តចុះមូលដ្ធានស្រុកកំពង់លែង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះ សំណាលជាមួយសមាជិកសាខាគណបក្សអង្គភាពអប់រំទូទាំងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ពិធីជួបសំណេះ សំណាលបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ដោយមានការចូលរួមពីសមាជិកា សមាជិកា ក្រុមការងារថ្នាក់ខេត្ត ស្រុក និងលោកគ្រូ អ្នកគ្រូជាង ៤០០នាក់ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការគណបក្សខេត្ត បានមានប្រសាសន៍អោយដឹងថា បានសម្តែងនូវគារវកិច្ចយ៉ាងកក់ក្តៅបំផុតជូនចំពោះបងប្អូនលោកគ្រូនិងអ្នកគ្រូ ព្រោះថា គ្រូបង្រៀនគឺជាធនធានដ៍សំខាន់ណាស់ សម្រាប់មនុស្សជាតិយើងទាំងអស់គ្នានាពេលនេះ ហើយការជួបជុំគ្នាថ្ងៃនេះ ដើម្បីចែករំលែកនូវចំណេះដឹងស្តីពីដំណើរការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជាដែលអនុវត្តទៅតាម គោលដៅគោលនយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសតទៅមុខទៀត ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាងនេះទៅទៀត នៅក្នុងក្របខណ្ឌគោលនយោបាយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏មានការគិតគូរយ៉ាងដិតដល់ គ្រូបង្រៀន មន្រ្តីរាជការ កងកម្លាំង និង ប្រជាជន តាមរយៈយន្តការនានាដូចជា ការដំឡើងប្រាក់ខែមន្ត្រីរាជការ, ការពង្រឹងគុណភាពសេវាសាធារណៈ, ការបន្ថយថ្លៃអគ្គីសនី, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការគាំពារសង្គម, ។ការទទួលបាននូវការអភិវឌ្ឍ និងការរីកចំរើនរបស់កម្ពុជាយ៉ាងលឿននេះ គឺមិនអាចធ្វើទៅបានឡើយប្រសិនបើមិនមានសន្តិភាព ស្ថិរភាពនយោបាយ និងមេដឹកដែលខ្លាំងពូកែ ។
កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើង របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្តមកសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលនេះ បានធ្វើឱ្យប្រទេស កម្ពុជា ផ្លាស់ប្តូរមុខមាត់យ៉ាងលឿន ពោលគឺធ្វើឱ្យទៅជាប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនេះ មានហេដ្ឋារចនាសម្ព័ន្ធលូតលាស់គ្រប់កន្លែង ប្រជាជនមានជីវភាពធូធារ តាមរយៈ លំហូសេដ្ឋកិច្ចជាបន្ត បន្ទាប់ ពីទីប្រជុំជនរហូតដល់ជនបទ ។
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានបន្តទៀតថា ដោយបង្កើនការផ្តល់អទិភាព លើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកែទម្រង់ កាន់តែស៊ីជម្រៅក្នុងវិស័យអប់រំ ដែលជាវិស័យផលិត និងវិស័យថែទាំ ធនធានមនុស្សរបស់ប្រទេស។ដូច្នេះ វិស័យអប់រំមិនត្រឹមតែត្រូវបង្រៀន ជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ តែក៏ត្រូវផ្សារភ្ជាប់ជាមួយការបញ្ជ្រៀប និងបណ្តុះឱ្យមានគុណធម៌ និងគុណភាពអ្នកដឹកនាំ ទៅក្នុងកំលាំងពលកម្មរបស់ប្រទេសយើងផងដែរ៕
