ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស មានសុវត្ថិភាពរយៈពេល២សប្តាហ៍

តេអេរ៉ង់៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឱ្យដឹងនៅព្រឹកថ្ងៃពុធថា ការឆ្លងកាត់ដោយសុវត្ថិភាពតាមច្រកសមុទ្រ ហ័រ មូសនឹងអាចធ្វើទៅបានរយៈពេលពីរសប្តាហ៍។

លោក Araghchi បានបញ្ជាក់ថា ការធានាសុវត្ថិ ភាពនេះ គឺផ្អែកលើការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងការពិចារណាលើ ដែនកំណត់បច្ចេកទេស។ លោកបានធ្វើការកត់ សម្គាល់នេះនៅក្នុងការបង្ហោះសារលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីមានការប្រកាសបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោកបានបន្តថា «ប្រសិនបើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានបញ្ឈប់ កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់នឹងបញ្ឈប់ប្រតិបត្តិការការពាររបស់ខ្លួន»។

លោក Araghchi ក៏បានសម្តែងការកោតសរសើរចំពោះនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងប្រធានសេនាធិការកងទ័ពប៉ាគីស្ថាន លោក Asim Munir ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេ ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់។

ដោយឡែកពីគ្នា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានឱ្យដឹងនៅថ្ងៃពុធនេះថា អ៊ីរ៉ង់បានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកផែនការ ១០ ចំណុចរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាម។

បច្ចុប្បន្ន ស្ថានភាពនៅច្រកសមុទ្រហ័រមូស ដែលជាផ្លូវឆ្លងកាត់សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពិភពលោក កំពុងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ខណៈដែលភាគីពាក់ព័ន្ធកំពុងតាមដានការអនុវត្តបទឈប់បាញ់នេះ។