កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃនេះ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង សហការជាមួយការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្ត បានចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងបទបញ្ញត្តិពាក់ព័ន្ធ ដល់ម្ចាស់នាវា ម្ចាស់ដរចម្លង និងអ្នកបើកបរនាវា។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីតាំងភូមិចុង កោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងធានាសុខសុវត្ថិភាពដល់អ្នកដំណើរតាមផ្លូវទឹក នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខ។
ក្រុមការងារបានពន្យល់ និងណែនាំយ៉ាងលម្អិតដល់បងប្អូនម្ចាស់នាវា និងអ្នកបើកបរ ឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវទឹក រួមទាំងចំនុចសំខាន់ៗចំនួន ៨ ចំនុចដូចខាងក្រោម៖
1. ត្រូវតាមដានការព្យាករណ៍អាកាសធាតុជាប្រចាំ។ បើមានខ្យល់កន្ត្រាក់ ឬរលកធំ ត្រូវផ្អាកការចេញដំណើរ ឬស្វែងរកជម្រកសុវត្ថិភាពភ្លាមៗ។
2. ហាមឃាត់ជាដាច់ខាតការបើកបរក្នុងស្ថានភាពស្រវឹង។
3. ត្រូវត្រួតពិនិត្យនាវា និងទូកឱ្យបានហ្មត់ចត់មុនចេញដំណើរ ដើម្បីធានាថាមានសុវត្ថិភាព។
4. រៀបចំ និងពិនិត្យសម្ភារសង្គ្រោះជីវិត និងឧបករណ៍សុវត្ថិភាព ដូចជា អាវពោង ពោងកង់ បំពង់ពន្លត់អគ្គិភ័យ ខ្សែពួរ ជាដើម ឱ្យគ្រប់គ្រាន់តាមទំហំនាវា និងចំនួនអ្នកដំណើរ។
5. មិនត្រូវដាក់សម្ភារៈ ឬមនុស្សលើសចំណុះនាវាឡើយ។
6. គ្រប់អាជីវកម្មដឹកអ្នកដំណើរទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់នាវាខុសលក្ខណៈបច្ចេកទេស។
7. ណែនាំអ្នកដំណើរឱ្យអង្គុយ ឬឈរតាមកន្លែងសមស្រប ដើម្បីរក្សាលំនឹងនៃនាវា-ទូក។
8. ទូក-នាវាប្រភេទអាជីវកម្មដែលធ្វើចរាចរណ៍លើផ្ទៃទឹកត្រូវស្នើសុំចុះបញ្ជីឱ្យបានត្រឹមត្រូវនៅអង្ភភាពច្រកចេញចូលតែមួយខេត្ត (ចំណុះផ្ទុក៤០ តោន ឬ៥០កៅអីចុះក្រោម)។ រីឯទូក-នាវាដែលមានចំណុះលើសពី៤០តោន ត្រូវស្នើសុំចុះបញ្ជី និង លិខិតអនុញ្ញាតអាជីវកម្មនៅមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្ត។
ការចុះផ្សព្វផ្សាយនេះ គឺជាផ្នែកមួយនៃការត្រៀមខ្លួនធានាសុវត្ថិភាពសាធារណៈតាមផ្លូវទឹក នៅ ពេលមានប្រជាពលរដ្ឋធ្វើដំណើរច្រើនក្នុងឱកាសពិធីបុណ្យជាតិ។
អាជ្ញាធរខេត្តក៏បានអំពាវនាវឱ្យ ម្ចាស់នាវា និងអ្នកបើកបរទាំងអស់ យកចិត្តទុក ដាក់ខ្ពស់ និងគោរពច្បាប់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើង។
០