រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល និងសំណេះ សំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តប្រោះព្រំរាប់បាត្រ ប្រសិទ្ធពរជ័យ សិរីមង្គល និងសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធិសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសម្តែងនូវសេចក្តីរីករាយ និងអរគុណ ចំពោះសាមគ្គីភាពជាធ្លុងមួយរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃសាលាខេត្ត។ ការជួបជុំនេះក្នុងរូបភាពជាលក្ខណៈ មហាគ្រួសារដ៏ធំមួយនៃក្រុមគ្រួសារ មន្ត្រីរាជការរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ដែលមានការ នឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំមកនេះ ។

ឯកឧត្តម ក៏បានធ្វើការបួងសួងដល់បារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តកំពង់ឆ្នាំង តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគិត្តិព្រឹទ្ធ បណ្ឌិត ដែលជាមហាវរៈបុរសកុលបុត្រខ្មែរដ៏ឆ្នើម និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើន នៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មីនេះ។

ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ដែលមានទេវតាព្រះនាម គោរាក្ស សាទេវី នឹងយាងចូលមកដល់នៅព្រឹកថ្ងៃអង្គារ ១២រោច ខែ ចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៦ សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្ត។

ឯកឧត្តមបានបញ្ជាក់ថា រាល់ប្រពៃណីទំនៀមទំលាប់ដែលបងប្អូនខ្មែរខេត្តកំពង់ឆ្នាំង យើងគោរពប្រតិបត្តិតរៀងមក ដូចជា៖ ពិធីស្រងទឹកជូនដល់ចាស់ព្រឹទ្ធាចារ្យ អ្នកមានគុណនៅតាមវត្ត តាមផ្ទះ ភូមិឃុំ សង្កាត់ យើងធ្វើទៅបានជាធម្មតា តែចំពោះនៅទីតាំងពិធីសង្ក្រាន្តកំពង់ឆ្នាំង មិនបានអនុញ្ញាតឲ្យធ្វើការដាក់រថយន្តបាញ់ទឹក ឬប៉ាតម្សៅដូចឆ្នាំមុនៗនោះឡើយ៕