កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយដើម្បីធានាសន្តិសុខ សុវត្ថិភាពព័ត៌មាន ក្នុងគោលបំណងគ្រប់គ្រងព័ត៌មាន ទប់ស្កាត់ព័ត៌មានក្លែងក្លាយ

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានសហការណ៍ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយដើម្បីធានាសន្តិសុខ សុវត្ថិភាពព័ត៌ មាន ក្នុងគោលបំណងគ្រប់គ្រងព័ត៌មានទប់ស្កាត់ព័ត៌មានក្លែងក្លាយ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋទទួលបានព័ត៌មានពិត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី ភាពលោក សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានស្តីទី ខេត្តកំពង់ឆ្នាំង អនុប្រធានមន្ទីរ លោក លោកស្រី អភិបាលរងក្រុង ស្រុកទាំង៨ ទទួលបន្ទុកការងារព័ត៌មាន លោកប្រធានការិយា ល័យទាំង៥ចំណុះមន្ទីរព័ត៌មានខេត្ត ក្រុមសម្របសម្រួលព័ត៌មានខេត្ត លោក លោកស្រី ចាងហ្វាង និង ភ្នាក់ងារសារព័ត៌មាន ព្រមទាំងតំណាងសមាគមអ្នកសារព័ត៌មាន ចូលរួមសរុបចំនួន ៦៥នាក់។

ក្នុងកិច្ចប្រជុំខាងលើ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង លោក សាន់ យូ បានថ្លែងថា អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ត្រូវគោរពច្បាប់ និងក្រមសីលធម៌ឲ្យត្រឹមត្រូវ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ សូមចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិត ដោយផ្ទៀងផ្ទាត់ប្រភពឱ្យបានត្រឹមត្រូវ។ ត្រូវជៀសវាងការផលិតព័ត៌មាន ដែលគ្មានមូលដ្ឋានពិតប្រាកដ ឬការអះអាងគ្មានភស្តុតាង ឬការប្រើពាក្យពេចន៍ ដែលអាចបង្កអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ឬនាំឱ្យមានផលវិបាកនានា។ ចំពោះអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់នូវការកាត់តរូបភាពវីដេអូ ឬបង្កើតរូបភាពបញ្ញាសិប្បនិម្មិត(AI) ដែលមានលក្ខណៈជេរប្រមាថ ការប្រើប្រាស់ភាសាមិនសមរម្យ ឬការដៀមដាម ឬសកម្មភាពផ្សេងទៀតដែលបង្កអរិភាព ឬការបញ្ឆេះកំហឹងនាំឱ្យមានការរើស អើងប្រកាន់ពូជសាសន៍ជាដើម។

ជាមួយគ្នានេះ លោកក៍បានក្រើនរំឭកដល់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន ទាំងអស់ចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយមិនត្រូវបង្កើត ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានក្លែង ក្លាយ ការប្រឌិតឬកាឡៃព័ត៌មានខុសពីការពិត។ និងសូមជំរុញ និងលើកទឹកចិត្តដល់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានទាំងអស់ឱ្យផលិត ផ្សព្វផ្សាយ ចែកចាយតែព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ និងការផ្ទៀងផ្ទាត់ត្រឹមត្រូវ។