កម្ពុជាអាចសម្រេចផែនការនាំចេញអង្ករ ១ លានតោន នៅឆ្នាំ២០២៦

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល ៣ខែដើមឆ្នាំ២០២៦ បានកើនឡើងខ្លាំងដល់ ៧១,៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលបង្ហាញពីសន្ទុះវិជ្ជមានខ្លាំងនិងធ្វើឱ្យមានក្តីរំពឹងថាកម្ពុជានឹងអាចសម្រេច បានគោលដៅនាំចេញអង្ករ ១ លានតោន នៅបំណាច់ឆ្នាំនេះតាមផែនការរបស់រាជរដ្ឋាភិបាល។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ កម្ពុជា បាននាំចេញអង្ករបានចំនួន ៣៦១,៥៧៨ តោន ខណៈដែលក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥ មានតែ ២១១,០៥៨ តោន ប៉ុណ្ណោះ។

ចំពោះចំនួនគោលដៅទីផ្សារ កាលពី៣ខែដើមឆ្នាំ២០២៥ កម្ពុជាមានតែ ៥៥គោលដៅសម្រាប់ការនាំចេញអង្ករ ប៉ុន្តែនៅក្នុងអំឡុងពេល ៣ខែដើមឆ្នាំ២០២៦ បានកើនឡើងដល់៥៦ គោល ដៅ។ ដោយឡែក ចំនួនក្រុមហ៊ុននាំចេញអង្ករក៏បានកើនពី៤៧ ឡើងដល់៥៨ ក្រុមហ៊ុន ផងដែរ។

លើកម្រិតប្រភេទអង្ករ ដែលត្រូវបាននាំចេញក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ រួមមាន៖

– អង្ករក្រអូប  ៦០,១២ភាគរយ
– អង្ករសគ្រាប់វែង  ១៦,១៦ភាគរយ
– អង្ករចំហុយ  ១,៥៥ភាគរយ
– អង្ករសរីរាង្គ ០,៨៨ភាគរយ
– អង្ករបាក់គ្រប់ប្រភេទ ២១,០៩ភាគរយ
– អង្ករផ្សេងៗ ០,២ភាគរយ

សូមរម្លឹកថា ក្នុងរយៈពេល ១២ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករសរុប ៩៤០,៣២១ តោន។ បើកម្ពុជារក្សាបានកំណើននាំចេញក្នុងកម្រិតស្រដៀងនឹង ៣ខែដើមឆ្នាំ២០២៦ នោះ គេរំពឹងថា នៅបំណាច់ឆ្នាំ២០២៦ កម្ពុជានឹងអាចនាំចេញអង្ករលើសពី ១លានតោនដែលជាគោលដៅដ៏សំខាន់របស់រាជរដ្ឋាភិបាល។

ជោគជ័យនៃការនាំចេញអង្កររបស់កម្ពុជា បានផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ និងកសិករ រួមទាំងការទទួលបានចំណូលរូបិយប័ណ្ណបរទេស រួមចំណែកដល់តុល្យភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។

លើសពីនេះ វាក៏ជួយរក្សាស្ថិរភាពតម្លៃស្រូវសម្រាប់កសិករ បង្កើនចំណូលឱ្យពួកគេពីការដាំដុះស្រូវដែលមានតម្រូវការទីផ្សារខ្ពស់ ព្រមទាំងបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋនៅតាម រោងចក្រ និងសហគ្រាសកែច្នៃស្រូវអង្ករ៕