ថ្នាក់ដឹកនាំខេត្ត និងអ្នកតំណាងរាស្ត្រ ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារចំនួន ៥០គ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

កំពង់ឆ្នាំង ៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាង រាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុន សុវណ្ណារិទ្ធិ អភិ បាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះ សំណាល និងផ្ដល់អំណោយដល់អតីតយុទ្ធជន និវត្តជន រួមទាំងក្រុមគ្រួសារចំនួន ៥០គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ពិធីខាងលើនេះ មានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូបផងដែរ។

លោកជំទាវ កែ ច័ន្ទមុនី បានពាំនាំនូវការផ្ដាំផ្ញើសេចក្ដីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដែលជាស្នាដៃនៃការកសាង និងការពារជាតិ។

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ មានប្រសាសន៍ថា រដ្ឋា ភិបាលកម្ពុជា និងអាជ្ញាធរខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធ ជន និងនិវត្តជន ដែលជាអ្នកមានគុណូបការណ៍ដ៏ធំធេងក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ថ្នាក់ដឹកនាំបានផ្ដល់អំណោយជាស្បៀងអាហារ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាក និងឱ្យបងប្អូនទាំងអស់បានរួមគ្នាអប អរសាទរពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះបានយ៉ាងរីករាយ។

អតីតយុទ្ធជន និងនិវត្តជនដែលបានចូលរួម បានសម្តែងនូវក្តីរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ដែលតែងតែមើលឃើញ និងគាំទ្រដល់ពួកគាត់ជានិច្ច។

ពិធីជួបសំណេះសំណាលនេះ បានបញ្ចប់ដោយបរិយាកាសរីករាយ និងកក់ក្តៅក្រៃលែង ។