កំពង់ឆ្នាំង៖ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ទីរពាក់ព័ន្ធ និងមន្ត្រីទទួលបន្ទុកនៃស្នងការនគរបាលខេត្ត ចូលរួមកិច្ចប្រជុំជំរុញការអនុវត្តការប្រមូលទិន្នន័យពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍ តាមរយៈវីដេអូ Zoom។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មា ធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីជំរុញ និងពង្រឹងការអនុវត្តការប្រមូលទិន្នន័យពលរដ្ឋធ្វើទេសន្តរប្រវេសន៍ រួមទាំងកុមារក្នុងគ្រួសារទេសន្តរប្រវេសន៍ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីធានាបាននូវការគ្រប់គ្រងទិន្នន័យពលរដ្ឋឱ្យមានភាពជាក់លាក់ និងប្រសិទ្ធភាពខ្ពស់។ ទិន្នន័យទាំងនេះ នឹងជួយឱ្យអាជ្ញាធរពាក់ព័ន្ធអាចតាមដាន ការពារ និងផ្តល់សេវាសមស្របដល់ពលរដ្ឋទេសន្តរប្រវេសន៍ ជាពិសេសកុមារដែលជាក្រុមងាយ រងគ្រោះ។
លោកស្រី ប៊ន សុភី បានណែនាំដល់មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមអនុវត្តឱ្យបានម៉ត់ចត់ ដោយផ្តោតលើ ការប្រមូលទិន្នន័យឱ្យពេញលេញ និងភ្ជាប់ជា មួយនឹងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋ។
លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់អំពីសារៈ សំខាន់នៃការងារនេះ ក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស និងការពារសិទ្ធិកុមារ រួមទាំងការផ្តល់ជំនួយសង្គមដល់គ្រួសារទេសន្តរប្រវេសន៍។ លោកជំទាវក៏បានណែនាំឱ្យមានការសហការរវាងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបានយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យការងារប្រមូលទិន្នន័យនេះទទួលបានលទ្ធផលជាក់ស្ដែង។
