បន្ទាយមានជ័យ៖ មហាជនជាង ៧០០០នាក់ បាននាំគ្នាចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុម ស.ស.យ.ក. ខេត្តបន្ទាយ មានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព»។
ការប្រកួតបានប្រព្រឹត្តទៅនៅលើទីលានបាល់ទាត់វិទ្យាល័យហ៊ុន សែន ខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
លោក កែ សួនសុភាព ប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ និងបើកកម្មវិធីផ្លូវការ។ កម្មវិធីមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត រួមទាំងទស្សនិកជនប្រមាណជាង ៧០០០នាក់។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរមូលនិធិសប្បុរសធម៌ ឧបត្ថម្ភគាំទ្របងប្អូនវិរកង ទ័ព និងប្រជាជនភៀសសឹក។ ការប្រកួតក៏មានគោល បំណងលើកទឹកចិត្ត សម្តែងការអរគុណ និងដឹងគុណចំពោះវិរកងទ័ពដែលការពារជាតិ ព្រមទាំងពង្រឹងសាមគ្គីភាពជាតិ ក្រោមស្លោក «ខ្មែរជួយខ្មែរ ខ្មែរតែមួយ»។
ការប្រកួតបានលេងយ៉ាងស្វិតស្វាញអស់រយៈពេលមួយល្ងាច និងបញ្ចប់ដោយលទ្ធផល ស្មើគ្នា ៣-៣។ ក្រុមតារាកម្ពុជារក្សាបាន ៣ គ្រាប់ ខណៈក្រុម ស.ស. យ.ក. ខេត្តបន្ទាយមានជ័យក៏ស៊ូតបាន ៣គ្រាប់ដូចគ្នា។
លោក កែ សួនសុភាព បានបញ្ជាក់ថា៖ «ការប្រកួតនេះ ការចាញ់ឈ្នះវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺ ស្មារតីនៃការរាប់អាន និងសាមគ្គីភាពរវាងកីឡាករ និងកីឡាករ»។
ក្រោយបញ្ចប់ការប្រកួត លោក កែ សួនសុភាព បានអំពាវនាវដល់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមកីឡាករទាំងអស់ ឱ្យចូលរួមកម្មវិធីដាំដើមឈើនៅជំរំភៀសសឹក ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕
