សៀមរាប៖ ប្រាសាទព្រះខ័ន គឺជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃមួយ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ សង្កាត់នគរធំ ក្រុងសៀមរាប។ ប្រាសាទនេះមិនត្រឹមតែជានិមិត្តរូបនៃស្ថាបត្យកម្មខ្មែរបុរាណដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃជ័យ ជំនះដ៏ឧឡាររបស់ចក្រភពខ្មែរ ដែលនៅតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ឆ្នាំ។
ដើម្បីឈានដល់ប្រាសាទព្រះខ័ន ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារខាងជើងនៃក្រុងអង្គរធំ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុង យកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស និងជួសជុលប្រាសាទឱ្យស្ថិតក្នុងសភាពល្អប្រសើរ ក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោក។ រួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជុំវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់។
យោងតាមសិលាចារឹក ប្រាសាទព្រះខ័នត្រូវបានសាង សង់ឡើងនៅឆ្នាំ១១៩១ នៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧។ ព្រះអង្គបានកសាងប្រាសាទនេះលើទីតាំងនៃចម្បាំងផ្តាច់ព្រ័ត្រ ដែលព្រះអង្គ ទទួលបានជ័យជំនះលើកងទ័ពចាម្ប៍ឈ្លានពាន ដើម្បីឧទ្ទិសថ្វាយដល់ព្រះបិតា។ ឈ្មោះដើមនៃប្រាសាទគឺ «ជ័យស្រី» ដែលបកប្រែថា «ព្រះខ័នជ័យ» ឬ «ទីក្រុងនៃជ័យជំនះដ៏ពិសិដ្ឋ»។
សិលាចារឹកនៅប្រាសាទព្រះខ័ន ផ្តល់ព័ត៌មានដ៏មានតម្លៃអំពីភាពរុងរឿងនៃចក្រភពខ្មែរ និងរាជធានីអង្គរនាសម័យនោះ៖
-កិច្ចការសាសនា៖ ការរៀបចំពិធីបួងសួង ការតម្កល់ព្រះបដិមា និងពិធីអភិសេកព្រះ។
-កិច្ចការព្រះរាជកិច្ច៖ ការលើកតម្កើងព្រះរាជា និងឧទ្ទិសកុសលជូនបុព្វការីជន។
-ការងារសង្គម៖ ការចូលរួមថែទាំប្រាសាទពីសំណាក់ព្រាហ្មណ៍ និងអ្នកភូមិជុំវិញ រួមទាំងការផ្តល់តង្វាយ។
-សមិទ្ធផលសំណង់៖ រួមមានការរៀបរាប់ពីបារាយណ៍ «ជ័យតដាក» ដែលមានប្រាសាទនាគព័ន្ធស្ថិតនៅកណ្តាល។
ក្រៅពីការដើរតួជាទីសក្ការៈបូជា អ្នក ប្រាជ្ញជាច្រើនជឿថា ប្រាសាទព្រះខ័នធ្លាប់ជាសាកលវិទ្យាល័យដ៏ធំមួយ ដែលបណ្តុះបណ្តាលពុទ្ធសាសនិក និងអ្នកប្រាជ្ញរាជបណ្ឌិតជាច្រើនជំនាន់។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីកម្រិតខ្ពស់នៃវិស័យអប់រំ និងសាសនានៅក្នុងសម័យអង្គរ។
ប្រាសាទព្រះខ័ន នៅតែជាទីតាំងដ៏មានសារៈសំខាន់ ដែលបង្ហាញពីភាពអស្ចារ្យនៃអរិយធម៌ខ្មែរ និងជាមោទនភាពជាតិដែលកំពុងទទួលបានការថែរក្សាយ៉ាងយកចិត្តទុកដាក់។
