កំពង់ឆ្នាំង ÷ ពិធីប្រកាសចូលកាន់ដំណែងប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡុច សុវណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ជា សុខរិទ្ធិន អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
បន្ទាប់ពីការអានព្រះរាជក្រិត្យត្រូវបានត្រាសបង្គាប់តែងតាំងឯកឧត្តម កី ម៉ានេរ៉ា អតីតអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រកាសជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ចំណែកឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវបានផ្លាស់ទៅប្រធានសាលាដំបូងខេត្តព្រះសីហនុ។
លោក ជា សុខរិទ្ធិ អភិបាលរង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់ឯកឧត្តម គឹម រ័ត្នណារិន អតីតប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានដឹក នាំសហការីរបស់ខ្លួនអនុវត្តការងារបានយ៉ាងល្អប្រសើរ ដោយបានខិតខំបម្រើវិស័យយុត្តិធម៌ដោយមិនលម្អៀង យុត្តិធម៌ តែងតែសហការ និងមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរដែនដី សមត្ថ កិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ពិសេសបានរួមចំណែកយ៉ាងធំធេង ធ្វើឱ្យខេត្តកំពង់ធំ មានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សង្គមល្អប្រសើរ រួមទាំងសម្រេចបាននូវសមិទ្ធផល និងស្នាដៃធំៗ ជាបន្តបន្ទាប់ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការផ្លាស់ប្តូរ ផ្ទេរភារកិច្ចរបស់ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា និងជាគោលការណ៍ការងារក្នុងអាជីពជាចៅក្រម ព្រះរាជអាជ្ញា សំដៅធ្វើឱ្យកាន់តែប្រសើរឡើងក្នុងស្ថាប័នតុលាការ និងអង្គការអយ្យការ ដើម្បីការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពឥតលម្អៀង ហើយអ្វីដែលសំខាន់ ចៅក្រម ឬព្រះរាជអាជ្ញាត្រូវប្រកាន់យកនូវអនាគតិធម៌ ត្រូវវៀរចាកឱ្យបាននូវអគតិធម៌ទាំង៤៖ ឆន្ទាគតិ ទោសាគតិ ភ័យាគតិ និងមោហាគតិឱ្យបានដាច់ខាត។
ឯកឧត្តមឧបនាយករដ្ធមន្រ្តីបានបន្តថាសម្រាប់និតិកាលទី៧នេះការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅតែជាការងារអទិភាពមួយដ៍សំខាន់របស់រាជ រដ្ធាភិបាលហើយការកែទម្រង់គឺជាមុំមួយដ៍សំខាន់ នេះក្នុងចំណោមមុំទាំង៥របស់យុទ្ធសាស្រ្ត បច្ច កោណដំណាក់កាលទី១ ក្នុងនោះការលើកកម្ពស់ និងពង្រឹងយុត្តិធម៌គឺជាអាទិភាពដ៍សំខាន់១ ដែលក្នុងនោះក្រសួងយុត្តិធម៌បានរៀបចំផែនការ សម្រេចនូវអាទិភាពសំខាន់ៗចំនួន៣÷ ទី១.ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទី២.ការជំរុញនិងការពន្លឿនសំណុំរឿងក្តីនៅតាមតុលាការ និងទី៣ .ត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅ ជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព សុច្ចរិភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់និងចំណាត់ការរឿងក្តីដោយតុលាការ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធ ភាព និងយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់ នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) ដើម្បីឱ្យការកែទម្រង់វិស័យយុត្តិធម៌ ទទួលបានជោគជ័យ។ លើសពីនេះទៅទៀតត្រូវពង្រឹង និងយកចិត្តទុកដាក់ លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើវិស័យយុត្តិធម៌នៅកម្ពុជា។
