រដ្ឋបាលខេត្តកំពង់ឆ្នាំងជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើឱ្យមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ចូលរួមជំរុញ និងអនុវត្តជាបន្ទាន់នូវវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសនៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា ដែលជាអំឡុងពេលគុណភាពខ្យល់មានការធ្លាក់ចុះខ្លាំង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំង កំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់ (PM2.5 និង PM10) នៅតាមក្រុង-ស្រុកនានាក្នុងខេត្ត មានកម្រិតកើនឡើងខ្ពស់ និងអាចលើសស្តង់ដារកំណត់ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបរិស្ថាន។

ប្រភពចម្បងនៃការបំពុលខ្យល់រួមមាន៖
– ភ្លើងឆេះព្រៃ ការដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជាំង សំរាម សំណល់រឹង និងប្លាស្ទិកនៅទីចំហ
– ការឆេះនៅទីលានចាក់សំរាម
– ការបញ្ចេញផ្សែងពីរោងចក្រ ឧស្សាហកម្ម និងយានយន្ត
– ការហុយធូលីពីការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារៈ។

ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញវិធានការសំខាន់ៗចំនួន ៥ចំណុចសម្រាប់មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុកអនុវត្តជាបន្ទាន់៖

១/ អប់រំ និងណែនាំប្រជាពលរដ្ឋកុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជាំង សំរាម សំណល់រឹង និងប្លាស្ទិកនៅទីចំហ។
២/ ទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ចំពោះករណីដុតបែបនេះ រួមទាំងការឆេះទីលានចាក់សំរាម។
៣/ ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងពេលដឹកជញ្ជូនសម្ភារៈ។
៤/ រៀបចំសម្អាតធូលី និងអនាម័យតាមដងផ្លូវ និងទីសាធារណៈឱ្យបានទៀងទាត់។
៥/ ត្រៀមមធ្យោបាយ សម្ភារៈ និងកម្លាំងសម្រាប់ពន្លត់ភ្លើងឆេះព្រៃ ឬឆេះសំណល់គ្រប់ទម្រង់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មឱ្យអនុវត្តវិធានការតឹងរឹងចំនួន៣ចំណុច៖

១/បញ្ឈប់ជាបន្ទាន់ការដីការដុតកម្ទេចក្រណាត់ ឬសំណល់ឧស្សាហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ ឬឡឥដ្ឋដែលមិនមានបំពាក់ប្រព័ន្ធសម្អាតផ្សែងតាមលក្ខណៈបច្ចេកទេស។
២/បញ្ឈប់ជាស្ថាពររាល់ការដុតសំណល់គ្រប់ប្រភេទទាំងក្នុង និងក្រៅបរិវេណរោងចក្រ និងទីសាធារណៈ។
៣/ រៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែងឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីធានាថាការបញ្ចេញសារធាតុបំពុលខ្យល់មិនលើសកម្រិតកំណត់។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ប្រសិនបើសង្កេតឃើញរោងចក្រ សហគ្រាស ឬសិប្បកម្មណាមួយមិនគោរពតាមវិធានការខាងលើ ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ស្របតាមក្រមបរិស្ថាន និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។