ក្រសួងរៀបចំដែនដី ប្រកាសចាត់វិធានការផ្លូវច្បាប់លើជនទុច្ចរិតក្លែងជាជំនួយការលោក សាយ សំអាល់ បោកប្រាស់អតិថិជនគម្រោង «ភូមិមរតក»

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ក្រសួង ដ.ន.ស.) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើជនទុច្ចរិតដែលក្លែងបន្លំឋានៈជា «ជំនួយការផ្ទាល់» របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបោកប្រាស់អតិថិជនគម្រោងដីឡូត៍ «ភូមិមរតក»។

សេចក្ដីប្រកាសដដែលបញ្ជាក់ថា នាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមបានប្រើប្រាស់ប្រព័ន្ធ Telegram ទាក់ទងអតិថិជននៃគម្រោង៖
• ដីឡូត៍ភូមិមរតក (ក្រុងស្វាយរៀង) ស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង
• ដីឡូត៍ភូមិមរតកថ្មស (ស្រុកស្វាយជ្រំ) ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ដោយអះអាងថាខ្លួនអាច «ជួយដោះស្រាយ» បញ្ហាលក់ដីឡូត៍បានលឿន តែតម្រូវឱ្យបង់ប្រាក់ជាមុនជាថ្នូរ។
ក្រសួងចាត់ទុកទង្វើនេះជា «ការបំពានផ្លូវច្បាប់ និងសីលធម៌យ៉ាងធ្ងន់ធ្ងរ» ដែលប៉ះពាល់កិត្តិយសរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង។

ទន្ទឹមនឹងនេះ ក្រសួងបានជូនដំណឹងថា៖
រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យក្រសួងដ.ន.ស. សម្របសម្រួលដោះស្រាយបញ្ហាគម្រោងទាំងពីរឱ្យបិទបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗ រដ្ឋនឹងទទួលបន្ទុករ៉ាប់រងពន្ធអាករ និងសេវាសុរិយោដីបន្ថែម ជូនអតិថិជនទាំងស្រុង ក្រសួងនឹងសហការជាមួយក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីតាមចាប់ និងចាត់ការផ្លូវច្បាប់លើជនល្មើសជាបន្ទាន់។

ជាចុងក្រោយ ក្រសួងអំពាវនាវដល់អតិថិជនគ្រប់គម្រោងដែលកំពុងសម្របសម្រួលនៅក្រសួង សូមប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកគ្រប់រូបភាព និងកុំប្រញាប់ជួយរាយការណ៍ព័ត៌មាននៅពេលរកឃើញសកម្មភាពគួរឱ្យសង្ស័យណាប់ក្រសួង ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕