កំពង់ឆ្នាំង ÷ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥ លើកទី ១៩ នៅខេត្តកំពង់ឆ្នាំង នាពេលខាងមុខ ។
កិច្ចប្រជុំបានធ្វើឡើងនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋ បាលសាលាខេត្តនិងលោកលោកស្រីមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង.ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធផងដែរ ។
លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក៏ដូចជាកិច្ច សហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចជំនាញ មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូរពាក់ព័ន្ធ បានចូលរួមបង្ការ និងទប់ស្កាត់ និងបង្ក្រាបបទល្មើសបានយ៉ាងសកម្ម ដូចនេះអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ពុំមានសភាពការណ៍កើតឡើងអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ទន្ទឹមនោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងការជួញដូរមនុស្សដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលាតាមរយៈការប្រជុំ វគ្គបណ្តុះបណ្តាល និងវគ្គសិក្ខាសាលាផ្សេងៗ ចំពោះកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យហាងខារ៉ាអូខេ អាហារដ្ឋាន និងបៀហ្គាឌិន នៅក្រុងកំពង់ឆ្នាំង ព្រមទាំងបានផ្សព្វផ្សាយពីផលប៉ះពាល់ និងធ្វើកិច្ចសន្យាម្ចាស់អាជីវកម្មមិនឱ្យមានបទល្មើស ពាក់ព័ន្ធអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ។
លោកជំទាវអភិបាលរង បានបន្តថាគណៈកម្មាធិ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបាន ប្តេជ្ញាចិត្តក្នុងកំណត់យកការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សជាអាទិភាព ក្នុង ចំណោមអាទិភាពនៃផែនការដែលត្រូវយកចិត្តទុកដាក់គឺជាការជំរុញ ឱ្យសមាសភាពពាក់ព័ន្ធ និងអង្គការដៃគូឱ្យរឹតតែ ប្រឹងប្រែងទ្វេឡើងបន្ថែមទៀត។

