កំពង់ឆ្នាំង ÷ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៦~២០២៨) ក្រោមអធិបតីភាព លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តនិងលោក អម សុភា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង.ស្រុក រួមមន្រ្តីមន្ទីរផែនការផងដែរ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក អម សុភា អភិបាលរងបានបញ្ជាក់ថាការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការៈ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០) បានបង្កើតឡើងមាន គោលបំណង “លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរ ការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង “។
លោកអភិបាលរងខេត្តបានបន្តថាមុខងារ និងធនធានចាំបាច់នានាដែលបាន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់សម្រាប់ការអនុវត្តមុខងារជាជម្រើស និង មុខងារជាកាតព្វកិច្ចក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយភាពម្ចាស់ការ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ការវិវឌ្ឍនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមដំណាក់កាល នីមួយៗបានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាពក្នុងការទទួលខុសត្រូវលើការផ្តល់ សេវាសាធារណៈក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយភាព ម្ចាស់ការ។
ឆ្លៀតក្នុងឱកាសនោះ លោក អម សុភា បានផ្តល់នូវអនុសាសន៍ដែលជាសមាជិកគណ:កម្មធិការសម្របសម្រួលបច្ចេកទេសត្រូវ ពិនិត្យ និងផ្តល់យោបល់កែសម្រួលលើសេចក្តីព្រាងដូចជាពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើខ្លឹមសារដែលមានតាមបណ្តាវិស័យជំនាញនីមួយៗ ដែលមានក្នុង សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំខេត្ត ថាតើស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ខេត្ត ការលើកនូវដំណោះស្រាយទាំងឡាយ អាចដោះស្រាយបាននូវបញ្ហាប្រឈមអាទិភាពដែលកើតមាន ក្នុងខេត្ត និងទិន្នន័យទាំងឡាយដែលមាននៅក្នុងកម្មវិធីវិនិយោគខេត្ត តើត្រឹមត្រូវ ឬទេតាមជំនាញនីមួយៗ? និងបានឆ្លុះបញ្ចាំងទៅនឹងសូចនាករលទ្ធផល ឬនៅ ?
ធ្វើការព្យាករណ៍ទិន្នន័យរីកចចម្រើនសម្រាប់ ៣ឆ្នាំខាងមុខ ដែលបានគ្រោងទុកនៅក្នុងផែនការ អភិវឌ្ឍន៍ខេត្ត តាមវិស័យជំនាញ ។
