ត្រាំ ព្រមានតៃវ៉ាន់ កុំឱ្យប្រកាសឯករាជ្យ៖ «ខ្ញុំមិនចង់ត្រូវធ្វើដំណើរជាង ៩០០០ម៉ាយទៅវាយគ្នាទេ»

បរទេស៖ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ភ្លាមៗបន្ទាប់ពីបញ្ចប់ជំនួបកំពូលរយៈពេលពីរថ្ងៃនៅទីក្រុង ប៉េកាំងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងច្បាស់ទៅកាន់តៃវ៉ាន់ មិនឱ្យព្យាយាមប្រកាសឯករាជ្យឡើយ។

លោក ត្រាំ បានបង្ហាញការសង្ស័យថា តើអាមេរិកគួរប្រថុយប្រទាញជាមួយជម្លោះយោធាដ៏ធំមួយ នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ដើម្បីការពារកោះមួយនេះដែរឬទេ។ សម្តីរបស់លោកបានបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំង បើធៀបនឹងគោលនយោបាយ «មិនច្បាស់លាស់» របស់អាមេរិកកាលពីមុន។

លោក ត្រាំ បានបញ្ជាក់ថា៖ «ខ្ញុំមិនចង់ឱ្យមាននរណាម្នាក់ប្រកាសឯករាជ្យទេ»។ លោកក៏បានដាស់តឿនទីក្រុងតៃប៉ិ កុំគិតថា អាមេរិកនឹងការពារពួកគេជានិច្ច។ «យើងមិនចង់ឱ្យមាននរណាម្នាក់និយាយថា ‘តោះ! យើងប្រកាសឯករាជ្យទៅ ព្រោះអាមេរិកនៅខាងក្រោយយើងស្រាប់’ នោះទេ»។

លោកបានរំលឹកពីផលវិបាកជាក់ស្តែងផងដែរ ដោយនិយាយថា៖«យើងត្រូវធ្វើដំណើររហូតដល់ ៩៥០០ ម៉ាយ (ប្រហែល ១៥០០០គីឡូម៉ែត្រ) ដើម្បីទៅចូលសង្គ្រាមមួយ ដែលខ្ញុំមិនចង់បានទាល់តែសោះ»។ លោកបានជំរុញឱ្យភាគីទាំងសងខាងរក្សាភាពស្ងប់ស្ងាត់ និងរក្សាស្ថានភាពបច្ចុប្បន្ន ព្រោះ «បើនៅដដែលបែបនេះ ចិនក៏មិនមានបញ្ហាអ្វីដែរ»។

ការថ្លែងរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីទទួលបានសម្ពាធផ្ទាល់ពីលោក ស៊ី ជីនភីង ក្នុងជំនួបទ្វេភាគី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា លោក ស៊ី បានចាត់ទុកបញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងចិន-អាមេរិក និងព្រមានថា កំហុសឆ្គងណាមួយអាចនាំឱ្យមានជម្លោះផ្ទាល់រវាងមហាអំណាចទាំងពីរ។

ជំនួបនេះក៏បានធ្វើឱ្យកញ្ចប់លក់អាវុធរបស់អាមេរិកទៅតៃវ៉ាន់ (មានតម្លៃប្រហែល ១១-១៤ ពាន់លានដុល្លារ) ស្ថិតក្នុងភាពមិនច្បាស់លាស់។ លោក ត្រាំ បានបញ្ជាក់ថា កញ្ចប់នេះកំពុងត្រូវបានពិនិត្យឡើងវិញ ហើយលោកនឹងសម្រេចចុងក្រោយបន្ទាប់ពីពិភាក្សាជាមួយថ្នាក់ដឹកនាំតៃវ៉ាន់។

មន្ត្រីតៃវ៉ាន់បានរក្សាភាពស្ងប់ស្ងាត់ និងបដិសេធថា ខ្លួនជាអ្នកបង្កជម្លោះ។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក លីន ជៀឡុង បានពណ៌នាតៃវ៉ាន់ថាជា «អ្នកការពារសន្តិភាព» និងចង្អុលបង្ហាញថា សម្ពាធយោធារបស់ចិនគឺជាប្រភពហានិភ័យសំខាន់។ ទន្ទឹមនេះ ទីក្រុងតៃប៉ិក៏បានអរគុណអាមេរិកដែលបន្តគាំទ្រសន្តិភាពក្នុងតំបន់។

ការថ្លែងរបស់លោក ត្រាំ បានបង្ហាញពីទស្សនៈជាក់ស្តែង និងការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្លោះដែលអាចកើតឡើងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់៕