កំពង់ធំ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារសង្កាត់រដ្ឋបាលព្រៃឈើទំរីង និងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយកម្លាំងប្រតិ បត្តិការសឹករងខេត្តកំពង់ធំ បានចុះបង្ក្រាបរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើមួយកន្លែងដែលដំណើរ ការដោយគ្មានលិខិត អនុញ្ញាត។
ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចនិយាមការ (៥៤៥៩៤៨-១៤៣០៤០៣) ក្នុងភូមិរន្ទៈ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមរបាយការណ៍បង្ហាញថា ក្រុមការងារបានដកហូតវត្ថុតាងមួយចំនួនធំរួមមាន៖ឈើអារប្រភេទលេខ១ (កកោះ) ចំនួន ០,៤៣៥ ម៉ែត្រគូប, ឈើអារប្រភេទ លេខ២ (លំបោ) ចំនួន ០,៣២៥ ម៉ែត្រគូប, ឈើមូលខ្លីក្រាក់កកោះ (តុក្តា) ចំនួន ២១ ដុំ, ម៉ាស៊ីនគោយន្ត ចំនួន ០២ គ្រឿង, តាបឈូសផ្តេក ចំនួន ០១ គ្រឿង, តាបច្រៀកឈើបញ្ឈរ ចំនួន ០១ គ្រឿង ។
វត្ថុតាងទាំងអស់ដែលដកហូតបានត្រូវបានយកមករក្សាទុកជាបណ្តោះអា សន្ននៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ដើម្បីចាត់ចែងបន្តតាមនីតិវិធីច្បាប់។
ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងការប្រឆាំងនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងខេត្តកំពង់ធំ។
អាជ្ញាធរពាក់ព័ន្ធបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់គោរព និងអនុវត្តតាមច្បាប់ស្តីពីព្រៃឈើ និងធនធានធម្មជាតិ។
