ក្រចេះ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧ៈ៣០នាទីព្រឹក កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើ ថ្មគ្រែ នៃខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ សហការជាមួយ កងរាជអាវុធហត្ថស្រុកចិត្របុរី បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅចំណុចនិយាមកា ៦១៣១៧១- ១៣៨៤៩៣៤ ក្នុងភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់រថយន្តដឹកជញ្ជូនឈើមួយគ្រឿងម៉ាកសាំងយ៉ុង ចង្កូតឆ្វេង ពណ៌ ស្លែរ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3284។ លើរថយន្តនេះត្រូវបានរកឃើញឈើអារប្រភេទលេខ១ (បង្កប់ក្រោមធ្យូង) ចំនួន ២៧ដុំ ស្មើនឹង ០,៦៩៦ម៉ែត្រគូប និងធ្យូងឈើចំនួន ១.០០០គីឡូក្រាម។
តាមប្រភពព័ត៌មានពីអាជ្ញាធរព្រៃឈើខេត្តក្រចេះ រថ យន្តនិងវត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅស្ថានីយបណ្តុះកូនឈើខ្សារ ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តស៊ើបអង្កេតដើម្បីរកម្ចាស់ទំនិញ និងអ្នកពាក់ព័ន្ធទាំងអស់ មកផ្តន្ទាទោសតាមបញ្ញត្តិច្បាប់ស្តីពីព្រៃឈើ។
