ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្នុងគោលបំណងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីការពារសុវត្ថិភាពព័ត៌មានក្នុងសង្គម។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដោយមានការចូលរួមពីសិស្សានុ សិស្សជាង ២,០០០ នាក់។ កម្មវិធីនេះផ្តោតលើការលើកកម្ពស់ការយល់ដឹង និងការប្រុងប្រយ័ត្នរបស់យុវជន ចំពោះព័ត៌មានក្លែងក្លាយ ដែលកំពុងរីករាល ដាលនៅលើបណ្តាញសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យុទ្ធនាការជំហានទី២ គឺជាការបន្តពង្រឹងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ដើម្បីរក្សាស្ថេរភាពសង្គម និងការពារប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ពីផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានក្លែងក្លាយ។
ក្នុងឱកាសនោះ មានការផ្សព្វផ្សាយ និងសកម្មភាពផ្សេងៗ ដើម្បីផ្តល់ចំណេះដឹងជាក់លាក់ដល់សិស្សានុ សិស្ស អំពីវិធីសាស្រ្តកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ និងការទទួលខុសត្រូវក្នុងការចែកចាយព័ត៌មាន។
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នឹងត្រូវបន្តអនុវត្តនៅតាមសាលារៀន និងស្ថាប័នអប់រំនានាទូទាំងប្រទេស ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
