ករណី​បាញ់​សម្លាប់​ខ្លួន​នៅជិតផ្លូវ ៦០ម៉ែត្រ​ ជនរងគ្រោះ​ជាអតីតមន្ត្រី​នគរបាល​ និង មានជំងឺបាក់ទឹកចិត្ត

ភ្នំពេញ៖ អតីតមន្ត្រីនគរបាលម្នាក់ ដែលមានជំងឺបាក់ទឹកចិត្ត និងជំងឺប្រចាំកាយ បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងស្លាប់ ក្បែរផ្លូវ៦០ម៉ែត្រ (ក្រោយផ្សាររាត្រី៦០ម៉ែត្រ) កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ហេតុការណ៍​ដ៏​សោកសៅ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ ២០២៦ ស្ថិត​នៅ​ក្បែរ​ផ្លូវ​៦០​ម៉ែត្រ (ក្រោយ​ផ្សារ​រាត្រី​៦០​ម៉ែត្រ) សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

បើតាម​ប្រភពពីសាច់ញាតិ​របស់​ជនរងគ្រោះ បាន​ឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​រូប​នេះ ធ្លាប់​បម្រើ​ការជា​មន្ត្រីនគរបាល មាន​ជំងឺ​ប្រចាំកាយ រួម​ទាំង​ជំងឺ​បាក់ទឹកចិត្ត​ផង។ មុន​ពេល​កើតហេតុ គាត់​បាន​សរសេរ​សំបុត្រ​ផ្ដាំផ្ញើ​ទុក​ឱ្យ​គ្រួសារ សុំ​ឱ្យ​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី រួច​ជិះ​ម៉ូតូ​អាគុយ​ចេញ​ពី​ផ្ទះ​តែ​ម្តង។

សាច់ញាតិ​បាន​បន្ត​ថា រហូត​ដល់​មាន​សមត្ថកិច្ច​ទាក់ទង​មក ទើប​គ្រួសារ​ដឹង​ពី​ហេតុការណ៍ និង​រក​ឃើញ​សព​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ស្ថាន​កន្លែង​កើតហេតុ និង​កោសល្យវិច័យ​សព រួច​ប្រគល់​សព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រួចរាល់​ហើយ៕