ករណីលិចទូកស្មាច់ម្សិលមិញនេះ ម្តាយនិងកូនប្រុស២ នាក់ នៅសមុទ្រកែប ស្លាប់ទាំងអស់

កែប៖ កម្លាំងចម្រុះដឹកនាំដោយ លោក ហ៊ួរ មិថុនា អភិ បាលរងខេត្តកែបបានរកឃើញសពម្តាយ និងកូនប្រុស ២នាក់ បន្ទាប់ពីជួបឧបទ្ទវហេតុលិចទូកស្មាច់ ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ សាកសពត្រូវកម្លាំងរលកបក់មកជាប់ជាមួយព្រៃកោងកាង និងតាមវាលខ្សាច់ នៅចម្ងាយប្រមាណ១គ.ម ពីទីតាំងកើតហេតុ។

មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ ក្នុងចំណោម៤នាក់ មានឪពុកម្តាយនិងកូន២នាក់ បានចេញទូកទៅរកងាវនៅទីតាំងខាងលើ អំឡុងពេល បើកទូកចេញ ក៏ជួបខ្យល់ខ្លាំងបង្កជារលកធំៗ ធ្វើអោយលិចទូកតែម្តង។

តាមរបាយការណ៍សមត្ថកិច្ច ករណីនេះកើតឡើងនៅម៉ោងប្រមាណជាង១២ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៦ ក្នុងទូកមានមនុស្សចំនួន៤នាក់ រួមមាន ឈ្មោះ រស់ សាម ភេទប្រុស អាយុ៤០ឆ្នាំ ជាឪពុក បានរស់រានមានជីវិត ខណៈភរិយាឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់ខ្លួនក្រោយកើតហេតុ។ ជនរងគ្រោះទាំងអស់ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

យ៉ាងណា អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងរដូវវស្សា និងពេលមានអាកាសធាតុមិនអំណោយផល៕