សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោន នៅខណ្ឌសែនសុខ

ភ្នំពេញ៖នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឃ្លាំងដ៏ធំនេះត្រូវបានគេសង្ស័យថាស្តុកសាច់បង្កករាប់រយតោន ដែលនាំចូលពីប្រទេសថៃ។

យោងតាមព័ត៌មានបឋមពីក្រុមប្រតិបត្តិការ ឃ្លាំងខាង លើត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិ មាណច្រើន ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះ។ សាច់ទាំងនេះត្រូវបានគេសង្ស័យ ថាបាននាំចូលពីប្រទេសថៃ រួចយកមករក្សាទុកក្នុងឃ្លាំងត្រជាក់ មុននឹងបន្តចែកចាយទៅកាន់ទីផ្សារនានានៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។

រហូតដល់រសៀលថ្ងៃដដែល មន្ត្រីជំនាញមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកទាំងនោះពិតជាមកពីប្រទេសថៃ ឬប្រភពណាមួយផ្សេងទៀត។ រួមទាំងមិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយឡើយ។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកការពិត និងធានាឱ្យមានការអនុវត្តតាមច្បាប់៕