កំពង់ឆ្នាំង៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យការលក់សត្វព្រៃនៅតាមដងផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧២ និង៧៣ ស្ថិតក្នុងភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។
តាមរបាយការណ៍របស់មន្ត្រីជំនាញ ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមានការតាំងលក់សត្វចញ្ចឹមចំនួន៤តូប ប៉ុន្តែមានតែតូបមួយប៉ុណ្ណោះដែលកំពុង បើកលក់។ ម្ចាស់តូបលក់ឈ្មោះ វង់ សម្ភស្ស ភេទស្រី រស់នៅក្នុងភូមិខាងលើ បានលក់សត្វព្រាប៣ក្បាល ឆ្មា១ក្បាល និងសត្វពស់សង់សឿ២ក្បាល (១ក្បាលងាប់ និង១ក្បាលរស់)។
មន្ត្រីបានរកឃើញថា សត្វទាំងនេះជាសត្វចិញ្ចឹម ប៉ុន្តែត្រូវបានយកមកដាក់លក់ដោយបន្លំថាជាសត្វព្រៃ ដើម្បីបន្លំអតិថិជន។ ជាលទ្ធផល ក្រុមការងារបានអនុវត្តច្បាប់ភ្លាមៗ ដោយឱ្យបញ្ឈប់ការលក់ដូរភូតកុហកអ្នកដទៃ ដើម្បីការពារការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។
មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិនិត្យតាមដាន និងចុះអនុវត្តច្បាប់បន្តបន្ទាប់ទៀត ដើម្បីទប់ស្កាត់រាល់សកម្មភាពលក់ដូរសត្វព្រៃខុសច្បាប់ និងការបោកប្រាស់ប្រជាពលរដ្ឋ ៕

