កំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ ទី១១ រោច ខែជេស្ឋ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំជំរុញការងារបញ្ចូលទិន្នន័យ ការងារបិទផ្សាយ ការងារចេញបណ្ណ និងចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅសាលប្រជុំមន្ទីរ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង រួមទាំងលោកអភិបាល អភិបាលរងក្រុង ស្រុក លោកប្រធានការិយាល័យ ដ.ន.ស.ភ ក្រុង ស្រុក និងជាប្រធានក្រុមវាល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំមន្ទីរ ដ.ន.ស.ស. ខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានណែនាំ និងជំរុញដល់មន្ត្រីរាជការ និងក្រុមការងារទាំងអស់ឱ្យ យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ រួមមាន៖ ការបញ្ចូលទិន្នន័យឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ការបិទផ្សាយសាធារណៈ ការចេញបណ្ណកម្មសិទ្ធិ និងការចែកបណ្ណជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាពខ្ពស់បំផុត។
កិច្ចប្រជុំនេះ ក៏បានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយជាក់លាក់ ដើម្បីជំរុញឱ្យការងារនេះសម្រេចបានតាមផែនការ និងគោលដៅដែលខេត្តបានដាក់ចេញ។
ការរៀបចំកិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃការអនុវត្តតួនាទី ភារកិច្ចរបស់មន្ទីរ ក្នុងការពង្រឹងការគ្រប់គ្រងដីធ្លី និងផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង។
