កំពង់ឆ្នាំង៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្វាយជុក ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្តាប់សង្ខេបរបាយការណ៍ពីប្រធានមណ្ឌលសុខភាព និងបានពិនិត្យមើលផ្ទាល់នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការផ្តល់សេវា និងការគ្រប់គ្រងទូទៅរបស់មណ្ឌល។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះមណ្ឌលសុខភាពស្វាយ ជុក ដែលមានការរៀបចំបានល្អប្រសើរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទាំងស្មារតីរក្សាបរិស្ថានផាសុកភាព អនាម័យខ្ជាប់ខ្ជួន ការគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការរៀនសូត្រ នវានុវត្តន៍ឥតឈប់ឈររបស់បុគ្គលិក។ ជាពិសេស ឯកឧត្តមបានកត់សម្គាល់ឃើញ ពីការល្អប្រសើរលើការទទួលបដិសណ្ឋារកិច្ច និងគុណភាពបច្ចេកទេសនៃការថែទាំព្យាបាលជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ត្រីរាជការទាំងអស់នៅមណ្ឌលសុខភាព បន្តពង្រឹងភាពជាអ្នកដឹកនាំប្រកបដោយភាពចាស់ទុំ ទំនួលខុសត្រូវខ្ពស់ និងការរួមសហការគ្នាឱ្យកាន់តែល្អប្រសើរ ដើម្បីធ្វើឱ្យអង្គភាពកាន់តែរឹងមាំ មានភាពធន់ និងអាចបំពេញបេសកកម្មបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋបានកាន់តែមានប្រសិទ្ធភាពខ្ពស់។
ការចុះពិនិត្យនេះ គឺជាផ្នែកមួយនៃការដឹកនាំ និងតាម ដានការងាររបស់ក្រសួងសុខាភិបាល ក្នុងគោល បំណងពង្រឹងគុណភាពសេវាសុខាភិបាលនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែទាន់សម័យ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
