សៀមរាប៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី «Community Series: Empowering Innovation: The Founder and Investor Nexus» ដែលសហការរៀបចំដោយមជ្ឈមណ្ឌល Plug and Play Cambodia មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) និងក.ប.ទ. នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា ATC។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក.ប.ទ. ក្រុមហ៊ុនឯកជន វិនិយោគិន ធុរកិច្ចថ្មីឌីជីថលកម្ពុជា និងនិស្សិតប្រមាណ ១០០ នាក់។ គោលបំណងគឺប្រមូលផ្តុំស្ថាបនិកធុរកិច្ចថ្មីឌីជីថល វិនិយោគិន និងភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល ដើម្បីពិភាក្សា និងយល់ដឹងអំពីការស្វែងរកទុនវិនិយោគ តាមរយៈការត្រៀមខ្លួនសម្រាប់ការវិនិយោគ ការកសាងភាពជាដៃគូ និងទំនុកចិត្តជាមួយវិនិយោគិន ការចាប់យកឱកាសពង្រីកខ្លួនទៅក្នុងតំបន់ និងទាញយកអត្ថប្រយោជន៍ពីបណ្ដាញទំនាក់ទំនង ដើម្បីពន្លឿនអាជីវកម្មប្រកបដោយនវានុវត្តន៍។
ក្នុងឱកាសនោះ មជ្ឈមណ្ឌល Plug and Play ក៏បានផ្សព្វផ្សាយអំពីកម្មវិធីពន្លឿនធុរកិច្ចថ្មីឌីជីថលរដូវកាលទី៣ (Innovate Cambodia Accelerator Program – Batch 3) ដើម្បីបន្តការអភិវឌ្ឍគំនិតច្នៃប្រឌិត ការផ្សារភ្ជាប់ទំនាក់ទំនង និងការយល់ដឹងពីយុទ្ធសាស្រ្តពង្រីកទីផ្សារ ព្រមទាំងតភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនអន្តរជាតិ។
លោករដ្ឋលេខាធិការ សូ វិសុទ្ធី បានបញ្ជាក់ថា មជ្ឈមណ្ឌល Plug and Play បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា ដោយតភ្ជាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជាជាមួយអ្នកជំនាញអន្តរជាតិ វិនិយោគិន និងទីផ្សារក្នុងតំបន់។
តាមរយៈភាពជាដៃគូជាមួយមជ្ឈមណ្ឌល Plug and Play ធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួនពីរ គឺ Bamnang និង KonektAgri បានទទួលការវិនិយោគដោយជោគជ័យ ហើយធុរកិច្ចថ្មីឌីជីថលមួយចំនួនទៀតក៏នឹងទទួលបានការវិនិយោគជាបន្តបន្ទាប់ផងដែរ ដែលបង្ហាញពីសក្តានុពលនៃភាពច្នៃប្រឌិតដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការបានអំពាវនាវដល់វិនិយោគិនទាំងអស់ កុំឱ្យមើលរំលងធុរកិច្ចថ្មីឌីជីថលកម្ពុជា ក៏ដូចជាថ្នាល និងសេវាឌីជីថលដែលអភិវឌ្ឍដោយកម្ពុជា ដែលមានភាពច្នៃប្រឌិត និងសក្តានុពល។ ចំពោះវិនិយោគិនក្នុងស្រុកទាំងអស់ លោកបានអំពាវនាវឱ្យចាប់យកឱកាសនេះដើម្បីរួមគ្នាជួយដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងជំរុញកំណើនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា៕
