នៅក្នុងអត្ថបទអត្ថាធិប្បាយរបស់ខ្លួន លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះឥទ្ធិពលនៃបច្ចេកវិទ្យា AI លើវិស័យអប់រំ។
លោកបានកត់សម្គាល់ថា ឧបករណ៍ AI ដែលអាចជួយឱ្យមនុស្សរៀនសូត្របានច្រើនជាងមុន ក៏អាចធ្វើឱ្យមនុស្សរៀនបានតិចជាងមុនផងដែរ ប្រសិនបើមិនមានការប្រុងប្រយ័ត្នគ្រប់គ្រាន់។
យោងតាមការស្ទង់មតិបឋមមួយដែលលោកបានលើកឡើង ការប្រើប្រាស់ AI កាន់តែច្រើន នាំឱ្យការគិតបែបស៊ីជម្រៅ (Critical thinking) ថយចុះ។ ផលប៉ះពាល់នេះមានសភាពកាន់តែធ្ងន់ធ្ងរសម្រាប់យុវជនជំនាន់ក្រោយ ដែលប្រឈមនឹងហានិភ័យខ្ពស់នៃការបាត់បង់ភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង។
លោក Bill Gates បានជំរុញឱ្យមានការរៀបចំក្របខណ្ឌគ្រប់គ្រងច្បាស់លាស់ មុនពេលបច្ចេកវិទ្យានេះប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស។
