រដ្ឋមន្ត្រីបរិស្ថានកម្ពុជា ថ្លែងសារប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ៥៥% ត្រឹមឆ្នាំ២០៣៥ ក្នុងកិច្ចប្រជុំនៅទីម័រឡេស្តេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ នាល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងអំឡុងបេសកកម្មនេះ លោក អ៊ាង សុផល្លែត នឹងថ្លែងសន្ទរកថាគន្លឹះ ដោយលើកឡើងអំពីអាទិភាពរបស់ក្រុមប្រទេស LDC ដែលជំរុញឱ្យមានការគាំទ្រកាន់តែខ្លាំងក្លា និងងាយស្រួលជាងមុនលើហិរញ្ញវត្ថុអាកាសធាតុ និងការគាំទ្រជាក់ស្តែងសម្រាប់ប្រទេសដែលងាយរងគ្រោះ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏នឹងបង្ហាញពីអាទិភាពជាយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំ COP31 ផងដែរ។

លោករដ្ឋមន្ត្រីគ្រោងនឹងថ្លែងទៅកាន់សហ គមន៍អន្តរជាតិជាថ្មីថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ តាមរយៈផែនការសកម្មភាព NDC 3.0 ដែលកំណត់គោលដៅកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ភាគរយ ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅរកគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ កម្ពុជានៅតែបន្តជំរុញឱ្យមានការរក្សាសីតុណ្ហ ភាពផែនដីត្រឹម ១,៥អង្សាសេ ដែលជាកត្តាចាំបាច់បំផុតក្នុងការការពារជីវិតរស់នៅ ការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងការសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី LDC នេះធ្វើឡើងបន្ទាប់ពីប្រទេសទីម័រឡេស្តេបានទទួលតំណែងជាប្រធានដឹកនាំក្រុមប្រទេស LDC លើការប្រែប្រួលអាកាសធាតុសម្រាប់អាណត្តិឆ្នាំ២០២៦- ២០២៧។ ថ្នាក់ដឹកនាំប្រទេស LDC ទាំង ៤៤ នឹងពិនិត្យ និងពិភាក្សាលើបញ្ហានៃការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការបន្ស៊ាំ និងការខូចខាតបាត់បង់ ព្រមទាំងការរក្សាកម្រិតកំដៅផែនដីមិនឱ្យលើសពី ១,៥អង្សាសេ។

លទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវបញ្ជូនទៅកាន់កិច្ចប្រជុំកំពូលលើកទី៣១ នៃសន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅទីក្រុងអង់តាលយ៉ា ប្រទេសទួរគីយ៉េ នាខែវិច្ឆិកា ឆ្នាំ២០២៦៕