ប៉ូលិសថៃរឹបអូសកញ្ឆាប្រមាណ ៥ តោន និងឃាត់ខ្លួនជនបរទេស ៥ នាក់ នៅទីក្រុងបាងកក

បាងកក៖ ប៉ូលិសថៃបានរឹបអូសកញ្ឆាប្រមាណ ៥ តោន និងឃាត់ខ្លួនជនបរទេសចំនួន ៥ នាក់ នៅផ្ទះវីឡាមួយលើផ្លូវ Khu Bon ២៧ ក្នុងខណ្ឌបាងខេន (Bang Khen) ទីក្រុងបាងកក កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦។

ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន មានជនជាតិមីយ៉ាន់ម៉ា ៤ នាក់ និងជនជាតិវៀតណាម ១ នាក់ ដែលត្រូវបានចោទថាជាមេក្រុម។

តាមការស៊ើបអង្កេតរបស់ប៉ូលិស ក្រុមនេះបានជួលផ្ទះវីឡានោះអស់រយៈពេលប្រហែល ១ ឆ្នាំ ដើម្បីប្រមូល វេចខ្ចប់ និងចែកចាយកញ្ឆា។ ការស៊ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីមានការប្តឹងពីអ្នករស់នៅក្បែរនោះទៅសមត្ថកិច្ច។ ជនជាតិវៀតណាមត្រូវបានចោទថាបានជួលជនជាតិមីយ៉ាន់ម៉ាឱ្យធ្វើការវេចខ្ចប់ ដោយផ្តល់ប្រាក់ប្រមាណ ២០០ ទៅ ៣០០ បាត ក្នុងមួយថ្ងៃ។

មន្ត្រីអាជ្ញាធរថៃបានបញ្ជាក់ថា ក្រុមនេះមានអាជ្ញាបណ្ណកែច្នៃកញ្ឆានៅខេត្ត Nong Bua Lamphu ប៉ុន្តែសកម្មភាពដែលសមត្ថកិច្ចរកឃើញនៅទីក្រុងបាងកក ត្រូវបានចាត់ទុកថាខុសច្បាប់។

បច្ចុប្បន្នករណីនេះកំពុងបន្តតាមនីតិវិធីរបស់អាជ្ញាធរពាក់ព័ន្ធ។