ភ្នំពេញ÷ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេតសុភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់នៃការ ទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ចូលរួមផងដែរ
សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាល ដោយមានអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងអ្នកសារព័ត៌មានជាង ៦០០ នាក់ បានចូលរួម។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន មន្ត្រីព័ត៌មាន និងអ្នកសហការរៀបចំកម្មវិធីទាំងអស់ជាពិសេសសមគមអេឡេចត្រូនិច MSJ ដែលបានសហការរៀបចំឱ្យមានវេទិកាសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធ និងការពិភាក្សាអំពីបញ្ហាប្រឈមនានា របស់អ្នកសារព័ត៌មាននៅថ្ងៃនេះ។
ឯកឧត្តមបានបន្តថា ចាត់ទុកសិក្ខាសាលានេះថា «មានសារៈ សំខាន់ជាពិសេស ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងគុណភាពសារព័ត៌មាន កិត្តិយសរបស់អ្នកសារព័ត៌មាន សិទ្ធិរបស់ប្រជា ពលរដ្ឋ និងទំនុកចិត្តសាធារណៈ» យើងជួបជុំគ្នានៅថ្ងៃនេះ មិនមែនដើម្បីនិយាយតែអំពីអ្វីដែលអ្នកសារព័ត៌មានអាចធ្វើបាននោះទេ ប៉ុន្តែដើម្បីពិភាក្សាអំពីអ្វីដែលអ្នកសារ ព័ត៌មានគួរធ្វើ អ្វីដែលត្រូវប្រុងប្រយ័ត្ន និងរបៀបអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះយើងអ្នកសារព័ត៌មាន ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងពេលចុះបំពេញតួនាទីគ្រប់ៗគ្នា។
ឯកឧត្តមបានលើកឡើងបន្ថែមទៀតថា អាជ្ញាធរមិនត្រូវយកអ្នកសារព័ត៌មានជាសត្រូវនោះឡើយ ហើយអ្នកសារព័ត៌មានក៏មិនត្រូវយកអាជ្ញាធរធ្វើជាសត្រូវដូចគ្នាដែរ៕
