ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវិស័យកាត់ដេរនៅកម្ពុជា ក្នុងឆ្នាំ២០២៦ មានកម្រិតខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់ រួមមានស្រីលង្កា មីយ៉ាន់មា បង់ក្លាដេស ឡាវ ប៉ាគីស្ថាន និងឥណ្ឌា។
នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ កាលពីពេលថ្មីៗនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ដែលបូកបន្ថែមនៃការសម្រេចចិត្តរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកើនឡើងដល់ ២១០ ដុល្លារ ក្នុងមួយខែ។ បើបូករួមជាមួយអត្ថប្រយោជន៍កាតព្វកិច្ចផ្សេងៗទៀត ប្រាក់ឈ្នួលពិតប្រាកដរបស់កម្មករនិយោជិតវិស័យកាត់ដេរ មានចំនួនយ៉ាងតិចពី ២២៧ ទៅ ២៤០ ដុល្លារ អាមេរិកក្នុងមួយខែ»។
លោកបានបញ្ជាក់ប្រៀបធៀបជាមួយប្រទេសជិតខាងដូចជា៖ ស្រីលង្កា ៩៧ដុល្លារ, មីយ៉ាន់មា ៩៧ដុល្លារ, បង់ក្លាដេស ១០២ដុល្លារ, ឡាវ១១៦ ដុល្លារ,ប៉ាគីស្ថាន ១៤៣ដុល្លារ,ឥណ្ឌា១៣២-១៩២ ដុល្លារ,វៀតណាម ១៤៨-២១២ដុល្លារ,ឥណ្ឌូណេស៊ី១៣៨- ៣៤០ដុល្លារ
ក្រៅពីការដំឡើងប្រាក់ឈ្នួលគោលជាបន្តបន្ទាប់ ក្រសួងការងារក៏បានចរចាជាមួយវិស័យឯកជន និងសហជីព ដើម្បីផ្តល់ ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែមចំនួន២,៥០ដុល្លារ ជូនកម្មករក្នុងបរិបទវិបត្តិប្រេង សកល។ កម្ពុជាជាប្រទេសតែមួយគត់នៅក្នុងតំបន់ដែលផ្តល់ឧបត្ថម្ភបែបនេះ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ថា ក្រៅពីប្រាក់ឈ្នួលគោល កម្មករវិស័យកាត់ដេរម្នាក់ៗទទួលបានប្រាក់ចំណូលជាមធ្យមក្នុងរង្វង់ ៣០០ ដុល្លារ បូកទាំងការថែមម៉ោង (រហូតដល់ម៉ោង៦ល្ងាច)។ លើសពីនេះ កម្មករនៅកម្ពុជាទទួលបានអត្ថប្រយោជន៍សង្គម រួមមាន ការថែទាំសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់ការងារ ប្រាក់សោធន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលលើសពីអ្វីដែលច្បាប់កំណត់៕



