កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក សាន់ យូ អភិបាល រងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុម ការងារ ចុះមូលដ្ឋានឃុំដារ ស្រុកកំពង់ លែង ដើម្បីជួបសំណេះសំណាល កាត់សក់ជូន និងផ្តល់អាហាររូបត្ថម្ភដល់ក្មួយៗសិស្សានុសិស្សចំនួន ១២០នាក់ នៃសាលា ឋមសិក្សា ភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង។
លោក សាន់ យូ មានប្រសាសន៍ថា ការចុះជួបសំណេះ សំណាលនេះ មានគោលបំណងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស និងផ្តល់ការឧបត្ថម្ភ ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ រួមទាំងការថែទាំអនាម័យផ្ទាល់ខ្លួន និងផ្តល់ការណែនាំអំពីសារៈសំខាន់នៃការសិក្សា អនាម័យ សុខភាព ដល់សិស្សានុសិស្សផងដែរ។
ការចុះសំណេះសំណាល សួរសុខទុក្ខនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការជួយសម្រួល និងលើកកម្ពស់សុខមាលភាព ជីវភាព សុខភាព និងការរៀនសូត្រ កុមារនៅតាមជនបទ។
ក្នុងការចុះសំណេះសំណាលខាងលើ និងការផ្តល់ជូននូវអំណោយ ឧបភោគបរិភោគខាងលើនេះ មានការចូលរួមឧបត្ថម្ភពីសំណាក់ស្ថាប័ន និងបុគ្គលផ្សេងៗ រួមមាន៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា តាមរយៈលោក សៀង ប៊ុនណាត ដេប៉ូចែកចាយខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភទឹកក្រូចអាយចំនួន ១១កេះ ទឹកសុទ្ធកម្ពុជាចំនួន ៦កេះ និងថវិកា ៣០០០រៀលក្នុងមួយនាក់។ លោក សយ ភូរី ម្ចាស់ហាងមហាលាភ មហាហេង បានឧបត្ថម្ភបាយចំនួន ៨០ប្រអប់ និងថវិកា ១០០០រៀលសម្រាប់សិស្ស ១នាក់។ ក្រុមយុវជនជាងកាត់សក់ ហូលីវូដ ប្រចាំក្រុងកំពង់ឆ្នាំង ចំនួន១១រូប បានចូលរួមកាត់សក់ជូនដល់ក្មួយៗសិស្សានុសិស្សទាំងអស់ដោយស្ម័គ្រចិត្ត។
ឆ្លៀតក្នុងឧកាសនោះ លោក សាន់ យូ ក៍បានថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភទាំងអស់ ដែលបានចូលរួមចំណែកគាំទ្រដល់ និងកុមារក្នុងខេត្តកំពង់ឆ្នាំង។
សកម្មភាពនេះ ទទួលបានការគាំទ្រ និងការចូលរួមយ៉ាងកក់ក្តៅពីសំណាក់សិស្សានុសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
