គណៈកម្មាការរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង ប្រកាសបិទផ្សាយជាសាធារណៈ ឯកសារវិនិច្ឆ័យចុះបញ្ជីដីធ្លីប្រព័ន្ធ រយៈពេល១៥ថ្ងៃ ក្នុងភូមិ៦ក្នុងឃុំពន្លៃ ស្រុកបរិបូណ៌

កំពង់ឆ្នាំង៖គណៈកម្មាការរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រយៈពេល១៥ថ្ងៃ សម្រាប់ភូមិចំនួន៦ ក្នុងឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ពិធីប្រកាសបិទផ្សាយនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវត្តពន្លៃ ឃុំពន្លៃ ក្រោមអធិបតីភាព លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ចារកម្មវិធីអនុវត្តន៍រដ្ឋបាលដីធ្លីខេត្ត រួមជាមួយ លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ មន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុមការ ងារចុះបញ្ជី តំណាងធនាគារឯកជន និងប្រជាពល រដ្ឋមកពីភូមិទាំង៦។

ក្នុងឱកាសនោះ លោក ផល សុភាព បានលើកឡើងពីស្ថានភាពជីវភាពរស់នៅ និងភូមិសាស្ត្ររបស់ស្រុកបរិបូណ៌ជាក់លាក់។

លោក លី សុភា បានគូសបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈរយៈពេល១៥ថ្ងៃនេះ មានសារៈសំខាន់ណាស់ ដើម្បីឱ្យបងប្អូនម្ចាស់ក្បាលដី មកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន រួមមាន ទំហំ រូបរាងក្បាលដី ឈ្មោះអក្ខរាវិរុទ្ធ និងព័ត៌មានផ្សេងៗ ថាត្រឹមត្រូវឬមានកំហុសឆ្គង។ បើមានកំហុស អាចធ្វើការតវ៉ា និងកែតម្រូវបានភ្លាមៗ។

លោកបានណែនាំឱ្យម្ចាស់ក្បាលដី ភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ ដូចជា៖ ប័ណ្ណសម្គាល់ក្បាលដី (បើមាន) អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ជាដើម ដើម្បីការពិនិត្យពិគ្រោះយោបល់បានរហ័ស និងត្រឹមត្រូវ។

លោក លី សុភា បានសំណូមពរ ឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋម្ចាស់ក្បាលដី ជួយផ្សព្វផ្សាយបន្ត ដល់បងប្អូនទាំងអស់ដែលមានដីក្នុងតំបន់នេះ ឱ្យចូលរួមពិនិត្យឱ្យបានគ្រប់គ្នា។

គួរបញ្ជាក់ថាសម្រាប់តំបន់វិនិច្ឆ័យនៅឃុំពន្លៃ មានភូមិចំនួន៦ រួមមាន៖ ភូមិពន្លៃ ៧៧១ក្បាលដី, ភូមិជើងខ្នារ ៨៤១ក្បាលដី, ភូមិកែវឡាត ៨០៨ក្បាលដី, ភូមិស្វាយគយ ១៧៧៩ក្បាលដី, ភូមិអូរ ២១៩៣ក្បាលដី, ភូមិជាងហ្លួង ១០៧៦ក្បាលដី ដែលចំនួនសរុបទាំងអស់ ៧៤៦៨ក្បាលដី។ ក្រុមការងារបានអនុវត្តតាម និតិវិធី តាមដំណាក់កាលនីមួយៗ រហូតដល់ការបិទផ្សាយជាសាធារណៈនាពេលនេះ។